ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រថយក្រោយឆ្លងទទឹងផ្លូវត្រូវម៉ូតូបុកពីក្រោយរបួសបុរសម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ រថយន្តកុងតឺន័រមួយគ្រឿងថយក្រោយឆ្លងទទឹងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូបុកពីក្រោយពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់រងរបួសបែកក្បាលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី ១៤ខែកុម្ភៈ២០២២ នៅលើផ្លូវជាតិលេខ ៣១៦ ស្ថិតនៅចំណុច ភូមិ​ ព្រៃស្ទៀង​ ឃុំ ស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះមុំ  ធឿន អាយុ ៤៨ ឆ្នាំ មុខរបរ កម្មករសំណង់ រស់​នៅ​ភូមិ​ព្រៃស្ទៀង​ឃុំ​ស្វាយតាយាន​ ស្រុក​កំពង់រោទិ៍ខេត្តស្វាយរៀងជិះម៉ូតូម៉ាក Honda Dream  ពណ៌ក្រហមពាក់ស្លាកលេខ​ស្វាយរៀង ១A.៤៩១២ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបន្សល់តែរថយន្ត​កុងតឺន័រម៉ាកHlNO ពាក់ស្លាកលេខព្រៃវែង ៣A.១៣៦៧ ពណ៌ត្រួយចេកនៅនឹងកន្លែងកើតហេតុ។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុគេឃើញរថយន្ត​កុងតឺន័រម៉ាក HINO  ពណ៌ត្រួយចេកពាក់ស្លាកលេខព្រៃវែង ៣A.១៣៦៧ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងហើយក៏បានថយក្រោយឆ្លងទទឹងផ្លូវខ្វះការប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក Honda Dream  ពណ៌ក្រហមពាក់ស្លាកលេខ​ស្វាយរៀង ១A.៤៩១២ក្នុងទិសដៅពីជើងទៅត្បូងក៏បុកយ៉ាងពេញ ទំហឹងបណ្ដាលឱ្យបុរសម្នាក់រងរបួសបែកក្បាលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

ក្រោយមកអ្នករងរបួសត្រូវបានបងប្អូនក្រុមគ្រួសារបញ្ចូនទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកជីភូ ចំណែកវត្ថុតាងធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយានដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖