ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបានសម្រេចដកទាហានមួយចំនួនចេញពីតំបន់ព្រំដែនជាប់អ៊ុយក្រែន

ចែករំលែក៖

រុស្ស៊ីបានសម្រេចដកទាហានមួយចំនួនចេញពីតំបន់ព្រំដែនជាប់ប្រទេសអ៊ុយក្រែន ដើម្បីធ្វើឱ្យស្ថានភាពនៅក្នុងតំបន់កាន់តែប្រសើរឡើងវិញ ។ សកម្មភាពខាងលើរបស់រុស្ស៊ីកើតឡើងក្រោយពេលបណ្តាប្រទេសលោកខាងលិចបារម្ភថា រុស្ស៊ីនឹងវាយប្រហារអ៊ុយក្រែនក្នុងពេលដ៏ខ្លីខាងមុខ។

ទីភ្នាក់ងារសារព័ត៌មាន Interfax នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានផ្សាយថា អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានឱ្យដឹងនៅមុននេះបន្តិចថា កងទ័ពរុស្ស៊ីមួយចំនួនត្រូវបានដកចេញពីទឹកដីនៅក្បែរព្រំដែនប្រទេសអ៊ុយក្រែននោះហើយ បន្ទាប់ពីសមយុទ្ធយោធាត្រូវបានបិទបញ្ចប់។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក អុីហ្គ័រ កូណាហ្សិនកូវ (Igor Konashenkov) បានគូសបញ្ជាក់នៅថ្ងៃអង្គារនេះយ៉ាងដូច្នេះថា «កងអង្គភាពនៃយោធភូមិភាគខាងត្បូង និងខាងលិចដែលបានបញ្ចប់ភារកិច្ចរបស់ពួកគេបាននិងកំពុងចាប់ផ្តើមចេញដំណើរត្រឡប់ទៅកាន់មូលដ្ឋានពួកគេវិញហើយតាមរយៈផ្លូវដែក និងផ្លូវថ្នល់»។
ការត្រឡប់ទៅកាន់មូលដ្ឋានវិញខាងលើនេះ បានកើតមានឡើងក្រោយពីកងទ័ពរុស្ស៊ីទាំងនោះបានបិទបញ្ចប់សមយុទ្ធយោធានៅលើទឹកដីរុស្ស៊ីកៀកនឹងព្រំដែនអ៊ុយក្រែន ដែលបានបង្កឱ្យប្រទេសលោកខាងលិចព្រមានអំពីការត្រៀមឈ្លានពានអ៊ុយក្រែនក្នុងទ្រង់ទ្រាយធំ៕ ដោយ៖ សាធី

រូបថត៖Reuters 


ចែករំលែក៖