ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួន​ឃាតកដែលប្រេីឈេីជ្រុងវាយសម្លាប់បងប្រុស​ ទៅតុលាការ​ ព្រោះ​តែខឹង​បងប្រុស​និយាយ​ដៀម​ដាម​ ពេលកំពុង​ស្រវឹង​ស្រា

ចែករំលែក៖

ខេត្តសៀមរាប ៖ បេី​យោង​តាមប្រភពព័ត៌មានពី​កម្លាំង​នគរបាល​ខេត្ត​សៀមរាប​ នៅថ្ងៃអង្គារ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ឃាតកដែលប្រេីឈេីជ្រុងវាយសម្លាប់បងប្រុស​របស់ខ្លួន ព្រោះ​តែខឹង​បងប្រុស​និយាយ​ដៀម​ដាម​ ពេលខ្លួនកំពុង​ស្រវឹង​ស្រា ទៅសាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​។ 

គួររម្លឹកថា​ ករណី​ឃាតកម្ម​ខាងលេីនេះ​ បានកេីតឡេីង​កាលពីកាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រមាណ​៦​​​និង​៣០​នាទី​ល្ងាច នៅ​ភូមិ​ក្ងាន​ពង ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប​។ 

បេី​តាមការបញ្ជាក់ពី​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ តាប់ ជុង អាយុ​២៩​ឆ្នាំ ជា​កម្មករ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​ខាងលើ កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រមាណ​៦​​​និង​៣០​នាទី​ល្ងាច ឈ្មោះ តាប់ ជុង ខណៈ​ស្រវឹង​ស្រា បាន​វាយ​បងប្រុស​បង្កើត​របស់​ខ្លួនដែល​មាន​ឈ្មោះ​ តាប់ យាង អាយុ​៤៥​ឆ្នាំ ត្រូវ​ក្បាល​ចំនួន​៤ឈើ​ជ្រុង បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង ។​ ក្រោយ​ពេល​​កើតហេតុ ឃាតកដែលជាប្អូនប្រុស​ ​ក៏​​​ត្រូវ​បាន​​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៤៥​នាទី​យប់ ​ថ្ងៃ​ទី​១០ ខែកុម្ភ​: ឆ្នាំ​២០២២​កន្លង​ទៅ នៅ​ភូមិ​ក្ងាន​ពង ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត​ បានបញ្ជាក់បន្ថែមថា​ ក្រោយឃាត់ខ្លួន​ជនដៃដល់​រួចយកមកសាកសួរ ដោយយោងតាម​ចម្លើយ​របស់​ជនសង្ស័យ គឺ​មូលហេតុ​មក​ពី​ស្រវឹងស្រា ហើយ​ខឹង​បងប្រុស​ស្តីបន្ទោស​និង​ដៀមដាម​ឱ្យ​ខ្លួន។ 

បច្ចុប្បន្ន​ជនដៃដល់​ រួម​និង​វត្ថុ​តាង ត្រូវ​បាន​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដេីម្បីបន្តនីតិវិធី​ច្បាប់​៕

ដោយ​៖សហការី​


ចែករំលែក៖