ភ្នំពេញ៖ បន្ទាប់ពីមានបញ្ហាការកកស្ទះចរាចរណ៍នៅជុំវិញវត្តសន្សំកុសលជារៀងរាល់ថ្ងៃ បានធ្វេីឱ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរនៅតំបន់នោះ ពេលនេះកម្លាំងនគរបាលខណ្ឌមានជ័យ បានចុះរៀបចំសណ្តាប់ធ្នាប់មិនឱ្យអាជីវករ យកចិញ្ចើមថ្នល់លក់ដូរ ដែលបង្កឱ្យមានភាពរញ៉េរញ៉ៃ និងបាត់បង់សណ្ដាប់ធ្នាប់ផងដែរ។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានព័ត៍មានពីការខំមិនរបស់ប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងបញ្ហាកកស្ទះចរាចរណ៍ នៅជុំវិញវត្តសន្សំកុសល ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឱ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាឲ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ ចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វើការផ្សព្វផ្សាយអប់រំណែនាំបងប្អូនអាជីវករ កុំឱ្យយកចិញ្ចើមថ្នល់លក់ដូរ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅវិញទៅមក។
គួរបញ្ជាក់ថា កម្លាំងផ្នែកសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវ២៧១ មុខមន្ទីរពេទ្យរុស្សី និងផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករ ឱ្យទ្បើងលក់ផុតពីទ្រូងថ្នល់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ ដើម្បីទុកចិញ្ចើមថ្នល់សម្រាប់ថ្មើរជើងធ្វើចរាចរណ៍ទៅមកបានស្រួល។
ជាមួយគ្នានោះ កម្លាំងនគរបាលជំនាញចរាចរណ៍ ក៏បានធ្វើការផាកពិន័យម៉ូតូជិះបញ្ច្រាសទិស និងមិនគោរពផ្លាកសញ្ញា យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកផងដែរ៕
ដោយ៖ស តារា