ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការ របស់លោក នៅព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា, តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូអញ្ជើញមក បំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក សាលើមសៃ គុំម៉ាស៊ីត នឹងអញ្ជើញចូល ថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោករដ្ឋមន្ត្រីការបរទេស នឹង អញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ក៏ដូច ជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម និងក្តីបារម្ភរួម ។
ដំណើរទស្សនកិច្ចរបស់លោក សាលើមសៃ គុំម៉ាស៊ីត មកកាន់កម្ពុជា នឹងបន្តជំរុញ និងធ្វើ ឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ចំណងមិត្តភាព ជាប្រពៃណី និងភាពជាបងប្អូន រវាងកម្ពុជានិងស.ប.ប.ឡា ឈានទៅរកការលើកកម្ពស់ថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។
ចំពោះលទ្ធផល លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការ របស់លោក នៅព្រះរាជាណាចក្រកម្ពុជា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មិនទាន់ចេញសេចក្តីប្រកាសព័ត៌មាន ជាផ្លូវការនៅឡើយទេ ៕
ដោយ ៖ សិលា