ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូឡូញត្រៀមលក្ខណៈសម្រាប់ជនភៀសខ្លួនពីប្រទេសអ៊ុយក្រែន

ចែករំលែក៖

ប្រសិនបើសង្គ្រាមវាយប្រហាររវាងរុស្ស៊ី នឹងអ៊ុយក្រែនកើតឡើង នោះគឺនឹងមានពលរដ្ឋអ៊ុយក្រែនជាច្រើនភៀសខ្លួនទៅកាន់តំបន់ភាគខាងលិចអឺរ៉ុប។
ក្នុងពេលនេះដែរ ពលរដ្ឋនៅក្នុងស្រុក Hrubieszow ប្រទេសប៉ូឡូញ មានមនុស្សជាច្រើនបានឆ្លងដែនមកពីប្រទេសអ៊ុយក្រែនដើម្បីទិញទំនិញដែលមានតម្លៃថោកជាងនៅក្នុងប្រទេសអ៊ុយក្រែន ។ ប៉ុន្តែពលរដ្ឋរស់នៅក្នុងស្រុក Hrubieszow ជាង ១៧.៥០០នាក់ មានចម្ងាយ៥គីឡូម៉ែត្រពីព្រំដែន ប្រឈមនឹងបញ្ហាជាច្រើន ប្រសិនបើសង្គ្រាមផ្ទុះឡើង អាចនឹងមានពលរដ្ឋអ៊ុយក្រែនជាច្រើនភៀសខ្លួនមកកាន់តំបន់នេះ។
ពាក់ព័ន្ធនឹងស្ថានភាពអ៊ុយក្រែន ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានព្រមានថា កងទ័ពរុស្ស៊ីច្រើនជាង១៥០,០០០នាក់នៅតែបន្តប្រមូលផ្ដុំកម្លាំងនៅក្បែរតំបន់ ព្រំដែនអ៊ុយក្រែន បើទោះជាទីក្រុងមូស្គូ បានប្រកាសដកកងទ័ពមួយចំនួនក៏ដោយ។
ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ Dmitry Polyanskiy បានប្រាប់ឱ្យបណ្ដាមេដឹកនាំលោកខាងលិច ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ សម្រាប់ការភ័យខ្លាចដោយគ្មានហេតុផលថា ការប្រមូលផ្ដុំកងទ័ពរុស្ស៊ីនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន គឺជាសកម្មភាពត្រៀមបើកការវាយប្រហារនោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានលោក Dmitry Polyanskiy បានបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាពួកគេ (មេដឹកនាំលោកខាងលិច) គួរតែទៅជួបគ្រូពេទ្យល្អម្នាក់។ ខ្ញុំណែនាំឱ្យពួកគេធ្វើដូច្នេះ ពោលគឺទៅជួបគ្រូពេទ្យជំនាញខាងព្យាបាលការភ័យខ្លាចដោយគ្មានហេតុផល»។ លោកបន្ថែមថា រុស្ស៊ីគ្មានបំណង ឬផែនការវាយប្រហារលើប្រទេសជិតខាង ឬក៏រដ្ឋជាអតីតដែនដីសហភាពសូវៀតណាមួយនោះទេ ខណៈដែលកងទ័ពរុស្ស៊ីកំពុងឈរជើងនៅលើទឹកដីរបស់ខ្លួនតែប៉ុណ្ណោះដែលមិនមែនជាការគំរាមកំហែងដល់គេឯងឡើយ៕ ដោយ៖ សាធី

រូបថត៖Getty Images


ចែករំលែក៖