ការឃោសនាបោះឆ្នោតនៅក្នុងប្រទេសហ្វីលីពីនកាន់តែក្តៅហើយ ដោយបេក្ខភាពប្រធានាធិបតីបានលើកឡើងពីគោលនយោបាយសំខាន់ៗ ក្នុងនោះមានទាំងការវាយប្រហារគូប្រជែងផងដែរ។ ជាមួយគ្នានេះបេក្ខភាពលោកម៉ាន់នី ប៉ាកគីអៅ បាននិយាយថា លោកនឹងអនុញ្ញាតឱ្យមានការស៊ើបអង្កេតអន្តរជាតិមួយលើសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់លោក ឌូទែរតេ។
កន្លងមកប្រធានាធិបតីឌូទែរតេ បានប្រកាសថា លោកនឹងទទួលខុសត្រូវទាំងស្រុងចំពោះសង្គ្រាមប្រឆាំងគ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីន។ លោកបាននិយាយថា បើមានអ្នកណាជាប់គុកដោយសង្គ្រាមប្រឆាំងគ្រឿងញៀន នោះគឺជារូបលោក។
នៅក្នុងពេលឃោសនាបោះឆ្នោត អតីតស្ដេចប្រដាល់ និងជាបេក្ខជនប្រធានាធិបតីហ្វីលីពីន លោក Manny Pacquiao បាននិយាយថា លោកនឹងអនុញ្ញាតឱ្យមានការស៊ើបអង្កេតអន្តរជាតិមួយលើសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់លោក រ៉ូឌ្រីហ្គោ ឌូទែរតេ ហើយសន្យាបង្រ្កាបការជួញដូរគ្រឿងញៀនតាមមធ្យោបាយត្រឹមត្រូវ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតី។
ការសន្យាខាងលើរបស់លោក ប៉ាក់គីអៅ ធ្វើឡើងពេលលោកប្រាប់អ្នកសារព័ត៌មានបរទេសនៅក្នុងសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ អតីតសេ្ដចប្រដាល់រូបនេះបានអះអាងថា លោកនឹងស្វាគមន៍ការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ប៉ុន្តែ នឹងនៅតែបន្តប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋជនជួញដូរគ្រឿញៀន ដោយប្រើវិធីសាស្ត្រត្រឹមត្រូវ តាមរយៈការបញ្ជូនជនសង្ស័យទាំងអស់ទៅកាន់តុលាការកាត់ទោសតាមផ្លូវច្បាប់។ «នៅពេលដែលខ្ញុំនិយាយពីមធ្យោបាយត្រឹមត្រូវនោះគឺយើងនឹងមិនសម្លាប់មនុស្សនៅតាមដងផ្លូវនោះទេ»។ នេះជាការបញ្ជាក់របស់លោក ប៉ាក់គីអៅ។
លោក ឌូទែរតេ បានដកហ្វីលីពីនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីឆ្នាំ២០១៨ ក្រោយតុលាការមួយនេះប្រកាសបើក ការស៊ើបអង្កេតប្រឆាំងនឹងរូបលោក។ ការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនគ្រោងនឹងប្រព្រឹត្តទៅខែឧសភាខាងមុខនេះ ប៉ុន្តែការស្ទង់មតិបច្ចុប្បន្នបង្ហាញថាលោក ប៉ាក់គីអៅ កំពុងតាមពីក្រោយបេក្ខជនប្រធានាធិបតី Ferdinand Marcos Jr ៕
ដោយ៖ សាធី(រូបថត៖TTXVN )