ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តស៊េរីទំនើបម៉ាកអូឌីបុករនាំងដែកការដ្ឋានផ្លូវស្ពានអាកាសចោមចៅបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

   ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាជោកជាំហើយទើបបើករថយន្តស៊េរីទំនើបម៉ាកអូឌីជ្រុលទៅបុករនាំងដែកការដ្ឋានផ្លូវអាកាសចោមចៅបណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ ចំណែករនាំងដែករងការខូចខាតតិចតួច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩ និង៣០នាទីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចគល់ស្ពានអាកាសចោមចៅ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្តស៊េរីទំនើបម៉ាកអូឌីពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-1601ធ្វើដំណើរចេញពីផ្លូវស្ពានអាកាសក្រោមដី ឆ្ពោះទៅផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតទៅបុករនាំងដែក ជាច្រើនផ្ទាំងបណ្ដាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំនិងធ្លាក់កាងខាងមុខកល់ក្រោមរថយន្តជាប់ទៅមុខលែងរួច។  ចំណែករនាំងដែករងការខូចខាតតិចតួចប៉ុណ្ណោះ។  ក្រោយកើតហេតុភ្លាមៗគេឃើញបុរសជនជាតិចិនខាងលើដើរទ្រេតទ្រោតមិនត្រង់ផ្លូវសង្ស័យស្រវឹងស្រាខ្លាំង។

បន្តិចក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងមានសាច់ញាតិខាងម្ចាស់រថយន្តបានមកដល់កន្លែងកើតហេតុដែរ ហើយខណៈនោះសមត្ថកិច្ចបានឱ្យសម្របសម្រួលជាមួយជាមួយអ្នកមើលការខុសត្រូវការដ្ឋានផ្លូវ។ បន្ទាប់មកអ្នកមើលការខុសត្រូវការដ្ឋានផ្លូវឃើញមិនមានរងការខូចខាតធ្ងន់ធ្ងរនោះទើបបានឱ្យម្ចាស់រថយន្តយករថយន្តរបស់ខ្លួនទៅជួសជុលដោយខ្លួនឯង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖