ព័ត៌មានទាន់ហេតុការណ៍៖

ត្រីឆ្លាមសប្រវែង៤ម៉ែត្រវាយប្រហារមនុស្សស្លាប់ម្នាក់នៅអូស្ត្រាលី

ចែករំលែក៖

សារព័ត៌មាន Daily Mail របស់អង់គ្លេសបានផ្សាយថា ហេតុការណ៍ត្រីឆ្លាមសខាំមនុស្សបានកើតឡើងនៅតំបន់ឆ្នេរសមុទ្រ Buchan Point ប្រទេសអូស្ត្រាលី ដែលជាតំបន់ឆ្នេរសមុទ្រស្តូចត្រីដ៏ល្បីល្បាញស្ថិតនៅចំកណ្តាលនៃឆ្នេរសមុទ្រ Little Bay និង Mlalabar ។ ជនរងគ្រោះចុះហែលទឹកនៅពេលល្ងាចក៏ត្រូវត្រីឆ្លាមវាយប្រហារតែម្តង។
ក្នុងពេលត្រីឆ្លាមសវាយប្រហារមានមនុស្សជាច្រើនហែលទឹក អុំទូក កម្សាន្ត និងមានអ្នកនេសាទផងដែរ ។ ក្នុងពេលនោះ មនុស្សនៅទីនោះបានឃើញនិងឮសំឡេងស្រែកទ្រហោយំឱ្យជួយ តែមនុស្សនៅទីនោះមិនអាចធ្វើអ្វីបានក្រៅពីមើលត្រីឆ្លាមលេបជនរងគ្រោះដោយការតក់ស្លុតតែប៉ុណ្ណោះ។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា គេបានឃើញត្រីឆ្លាមមានប្រវែងពី ៤-៥ម៉ែត្រ ខាំស៊ីមនុស្សហើយហែលទៅបាត់។
ក្រោយហេតុការណ៍នេះឆ្នេរសមុទ្រមួយចំនួននៅក្នុងទីក្រុងស៉ីដនី ដូចជាឆ្នេរល្បីBondi និង Bronte ត្រូវបានបិទជាបណ្តោះអាសន្ននៅថ្ងៃទី១៧ខែកុម្ភៈ ។ ករណីត្រីឆ្លាមស៊ីមនុស្ស គឺជាករណីដំបូងបំផុត ដែលបានកើតឡើងនៅទីក្រុងមួយនេះ ក្នុងរយៈពេលជិត៦០ឆ្នាំកន្លងមក។ នេះជាករណីត្រីឆ្លាមខាំសុីមនុស្សស្លាប់ជាលើកដំបូងបំផុតនៅទីក្រុងស៉ីដនី បើគិតចាប់តាំងពីឆ្នាំ១៩៦៣មក។ ជាមួយគ្នានេះ អាជ្ញាធរកំពុងស្វែងរកថា តើត្រីឆ្លាមនោះកំពុងបន្តស្ថិតនៅតំបន់ឆ្នេរកើតហេតុឬយ៉ាងណា៕

ដោយ៖ សាធី(រូបថត៖Getty Images)


ចែករំលែក៖