ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីក្រុងប៉ារីស

ចែករំលែក៖

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីក្រុងប៉ារីស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ 

តបតាមការអញ្ជើញរួមគ្នរបស់ លោក Josep BORRELL FONTELLES តំណាងជាន់ ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធាន គណៈកម្មការអឺរ៉ុប និងលោក Jean-Yves LE DRIAN រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេស បារាំង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅ ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីក្រុងប៉ារីស។

ក្នុងឋានៈជាតំណាងជាន់ខ្ពស់របស់កម្ពុជា ដែលជាប្រទេសប្រធានអាស៊ានឆ្នាំ ២០២២ នេះ លោកឧបនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាបើក និងចូលរួមវេទិកាតុមូលស្ដីពីសន្តិសុខ និងកិច្ច ការពារជាតិ។ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំរវាងបារាំង និងរដ្ឋមន្ត្រីការ បរទេសអាស៊ាន ផងដែរ។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៉ារីស លោក ប្រាក់ សុខុន នឹងជួបប្រជុំដាច់ដោយឡែកពី គ្នាជាមួយឥស្សរជនជាន់ខ្ពស់ផ្សេងៗទៀត ដូចជា លោកស្រី Mélanie Joly រដ្ឋមន្ត្រីការបរទេស កាណាដា លោក Jan Lipavský រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឆេក និងលោក Michel Herbillon ប្រធានក្រុមមិត្តភាពកម្ពុជា-បារាំង នៃរដ្ឋសភាបារាំង។ លោក ឧបនាយករដ្ឋមន្ត្រី ក៏នឹង ឆ្លៀតឱកាសពីការស្នាក់នៅទីក្រុងប៉ារីសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅទីនោះ ផងដែរ។

នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី នឹងអញ្ជើញទៅបំពេញ ទស្សនកិច្ចការងារនៅប្រទេសអាល្លឺម៉ង់ តបតាមការអញ្ជើញរបស់លោកជំទាវ ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ដំណើរទស្សនកិច្ចនេះ ដែល ជាលើកទីមួយរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជាក្នុងរយៈពេល ២៧ ឆ្នាំកន្លងមកនេះ មានតែជាង បំណងដើម្បីពង្រឹងឡើងវិញនូវទំនាក់ទំនងមិត្តភាពដ៏ល្អផូរផង់ និងកិច្ចសហប្រតិបត្តិការដើ ស្និទ្ធស្នាលរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្រ្តី ក៏នឹងជួបសំណេះសំណាលជាមួយ សហគមន៍ខ្មែរ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៊ែរឡាំង ផងដែរ។

បន្ទាប់មក លោក ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួកគី នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោក ប្រាក់ សុខុន នឹង ជួបពិភាក្សាផ្លូវការជាមួយ លោក Mevlut Çavusoglu រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋតួកគី ដែលក្នុងពេលនោះ ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធ ត្រួតគ្នា និងការទប់ស្កាត់ការគេចសារពើពន្ធទាក់ទងនឹងពន្ធលើប្រាក់ចំណូល និងអនុស្សរណៈនៃ ការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពិធីការ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងចូលរួមក្នុងពិធីសម្ភោធស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុង អង់ការ៉ា និងធ្វើជាសហប្រធានរៀបចំពិធីជប់លៀងជាមួយឯកអគ្គរដ្ឋ/រាជទូតអាស៊ាននៅទីក្រុង អង់ការ៉ា៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖