ភ្នំពេញ ៖ សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២។
សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញ បង-ប្អូន ជនរួមជាតិ ជាទីស្រឡាញ់រាប់អាន និងជាទីនឹករលឹក !
ក្នុងឱកាសដ៏មហោឡារិកនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ក្នុងនាមកាកបាទ ក្រហមកម្ពុជា និងក្នុងនាមខ្ញុំជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ខ្ញុំមានក្តីសោមនស្សរីករាយសូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបងប្អូន ជនរួមជាតិទាំងអស់ ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ហើយដែលឆ្នាំ២០២២នេះ យើងបានដាក់ចេញនូវប្រធានបទ “ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និង ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្រ្តីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ”។
ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់ពេលនេះ សកលលោកទាំងមូលក្នុងនោះរួមទាំងព្រះរាជាណាចក្រ កម្ពុជាយើងផង បានទទួលរងនូវហានិភ័យ និងផលប៉ះពាល់អវិជ្ជមានពីការរាតត្បាតនៃមេរោគកូវីដ-១៩ មកលើ វិស័យជាច្រើន ជាពិសេសការយាយីដល់អាយុជីវិតមនុស្ស។ ដោយឡែកក្នុងវិស័យសុខភាពវិញ តាមឯកសារ របស់អង្គការសុខភាពពិភពលោកនាពេលថ្មីៗនេះបានឱ្យដឹងថា នៅតាមប្រទេសមួយចំនួន ជំងឺកូវីដ-១៩បាន កាត់ផ្តាច់សេវាកម្មសុខភាពជាសារវ័ន្ត រួមទាំងសេវាកម្មសុខភាពមាតា ទារក និងកុមារផង។ ការកាត់ផ្តាច់ ការទទួលបាននូវសេវានេះ បណ្តាលមកពីមូលហេតុចម្បង២គឺ ទីមួយ កង្វះខាតអ្នកផ្តល់សេវាសុខាភិបាល ព្រោះបុគ្គលិកសុខាភិបាល និងគ្រូពេទ្យជាប់ដៃមមាញឹកក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងការជួយសង្គ្រោះ អាយុជីវិតអ្នកជំងឺកូវីដ-១៩, ទីពីរគឺ ការបិទខ្ទប់នៅនឹងកន្លែង ដែលធ្វើឱ្យស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតាមិនអាច ទៅទទួលសេវាពិនិត្យ/ថែទាំសុខភាពបាន។ ដោយសារមូលហេតុចម្បងទាំង២នេះហើយ ដែលធ្វើឱ្យស្រ្តីមាន ផ្ទៃពោះជួបផលវិបាកផ្នែកសម្ភព បង្កការលំបាកក្នុងការជួយសង្គ្រោះអាយុជីវិតមាតា និងទារក។
ចំណែកនៅកម្ពុជាវិញ ទោះបីជាមានការលំបាកច្រើនយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំជម្នះគ្រប់ឧបសគ្គក្នុងការ ដណ្ដើមបាននូវសិទ្ធិមនុស្សដ៏សំខាន់បំផុតជូនប្រជាជាតិ គឺសិទ្ធិរស់រានមានជីវិត តាមរយៈការស្វែងរកនិងការ ចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសដែលរហូតមកដល់នឹងពេលនេះ ប្រជាជនចំនួន៩០% នៃប្រជាជនសរុបជាង១៦លាននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺនេះរួចហើយ, និងកំពុង បន្តចាក់ដូសជំរុញ និងពង្រឹងការអនុវត្តវិធានការសុខាភិបាល និងការព្យាបាលជាបន្តបន្ទាប់ទៀតប្រកបដោយ ប្រសិទ្ធភាព។ ទោះជាយ៉ាងនេះក៏ដោយ ក៏ក្នុងវិស័យសុខភាពមាតា ទារក និងកុមារនេះ ទទួលរងប៉ះពាល់យ៉ាងខ្លាំង ព្រោះថា អត្រាបុរស-ស្រ្តីក្នុងវ័យបន្តពូជ ស្រ្តីមានផ្ទៃពោះដែលចាំបាច់ត្រូវទៅទទួលសេវាពិនិត្យផ្ទៃពោះ ថែទាំផ្ទៃពោះ និងការថែទាំក្រោយពេលសម្រាល គឺមានការធ្លាក់ចុះ ទោះបីរាជរដ្ឋាភិបាលខិតខំដោះស្រាយគោលនយោបាយ គាំពារសង្គមជួយដល់ប្រជាជនដែលងាយរងគ្រោះឱ្យទទួលបាននូវការឧបត្ថម្ភជីវភាពរស់នៅ និងទទួលបាន អត្ថប្រយោជន៍ក្នុងការថែទាំសុខភាព ទទួលបាននូវការពិគ្រោះ ពិនិត្យព្យាបាលជំងឺ ទទួលរបបឧបត្ថម្ភពេល សម្រាកមាតុភាព ដើម្បីជួយឱ្យគ្រួសារនីមួយៗអាចរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនជំងឺកូវីដ-១៩ និងទទួលបាននូវសេវាសុខភាពក៏ដោយ។ ហេតុដូចនេះហើយបានជាកាកបាទក្រហមកម្ពុជា និងក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ បានខិតខំប្រឹងប្រែងក្នុងការអប់រំផ្សព្វផ្សាយដោយចុះជួបផ្ទាល់ និងដោយប្រយោល តាមប្រព័ន្ធព័ត៌មានស្តីពី សារប្រយោជន៍នៃការពិនិត្យផ្ទៃពោះឱ្យបាន៤ដង, ការសម្រាលកូននៅមណ្ឌលសុខភាព, ការពិនិត្យ និងការថែទាំសុខភាពមាតានិងទារកក្រោយសម្រាល, ការចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខដល់កុមារ, ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ល។ រួមទាំងការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្ដាយ ទៅកូន។ ក្នុងឆ្នាំ២០២១ ខ្លឹមសារនៃសារគន្លឹះសំខាន់ទាំងអស់នេះ បានជាព័ត៌មានទៅដល់ផ្ទាល់ស្រ្តីមានផ្ទៃពោះ និងកូនតូចចំនួន ៨,៤៩៨នាក់ រីឯការជួយឧបត្ថម្ភផ្នែកជីវភាពដល់ស្ត្រីសម្រាលកូនរួច សម្រេចបាន ២,០៦៤នាក់។
ក្នុងស្ថានភាពបែបនេះ ខ្ញុំយល់ឃើញថា យើងត្រូវការចាំបាច់ជាទីបំផុតការរួមកម្លាំងគ្នា និងការធ្វើតាម គ្រប់លទ្ធភាពដើម្បីពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនស្រ្តីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ ឱ្យបានល្អប្រសើរឡើងវិញ
ឱ្យបានសមស្របជាមួយនឹងប្រធានបទនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២២នេះ។ ជាមួយគ្នានេះ យើងត្រូវតែលើកទឹកចិត្តស្ត្រីទាំងនោះឱ្យទៅទទួលបានការពិនិត្យថែទាំ ចាប់ពីពេលពរពោះរហូតដល់ពេលសម្រាល
និងបន្ទាប់ពីសម្រាលកូនហើយត្រូវបន្តថែទាំសុខភាពទាំងម្តាយទាំងកូនរហូតដល់កូនមានអាយុពីរឆ្នាំ។ ជាមួយនឹងទស្សនៈខាងលើនេះ និងក្នុងបរិបទនៃជំងឺកូវីដ-១៩ បច្ចុប្បន្នដែលតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវ “រស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩” ខ្ញុំសូមអំពាវនាវដូចតទៅ ៖
១. សូមស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ/ឆ្មបជំនាញ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឱ្យបានទៀងទាត់ចំនួន៤ដង តាមពេលវេលា និង ការណែនាំរបស់គ្រូពេទ្យ ទទួលថ្នាំបង្ការជំងឺតេតាណូស និងថ្នាំបង្ការជំងឺកូវីដ-១៩ ទទួលយកសេវា បង្ការព្យាបាលទាំងអស់ ពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើម ប្រភេទបេ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងមេរោគពីម្ដាយទៅកូន។
២. សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យឬឆ្មបជំនាញដែលទទួលបាន ការបណ្តុះបណ្តាលត្រឹមត្រូវ និងទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតា ទាំងទារក យកកូនទៅទទួលវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូន រហូតដល់កូនមានអាយុពីរឆ្នាំ។
៣. សូមបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅ ទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
៤. ប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាគ ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
៥. សូមជ្រើសរើសការពន្យារកំណើត ដើម្បីសុខភាពរបស់ម្តាយ និងទារក។
៦. សូមឱ្យស្រ្តីមានផ្ទៃពោះ ស្ត្រីជាមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយទាំងអស់ អនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការការពារ “៣ការពារ ៣កុំ” និងការណែនាំនានារបស់ក្រសួងសុខាភិបាល និង សូមទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមវេន និងកាលកំណត់ឱ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលអ្នកផ្តល់សេវាទាំងអស់ រួមទាំងសាខា-អនុសាខាកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សូមចូលរួមគាំទ ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព។ ជាមួយគ្នានេះខ្ញុំក៏សូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ សូមបន្តជួយវិនិយោគ គាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារ ពិសេសជួយលើការងារបណ្ដុះបណ្ដាល និងវិក្រឹត្យការដល់មន្ត្រីបុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅតាមសហគមន៍ ឱ្យទទួល បានចំណេះដឹង និងជំនាញពិតប្រាកដ ដើម្បីពង្រឹងគុណភាព និងគុណតម្លៃនៃការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្រ្តីមានផ្ទៃពោះ និងមាតាកំពុង បំបៅកូនដោយទឹកដោះម្តាយ។
ខ្ញុំសូមអរគុណជាអនេកចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល មន្ត្រីជំនាញ ស្ថាប័នពាក់ព័ន្ធ ម្ចាស់ជំនួយ អង្គការជាតិ និងអន្តរជាតិ សាខា-អនុសាខាកាកបាទក្រហមកម្ពុជា អង្គការសង្គមស៊ីវិល សប្បុរសជន ជាតិ-អន្តរជាតិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបាននិងកំពុងគាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារ។ ជាមួយគ្នានេះខ្ញុំពិតជាមានក្តីសង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបង្កើនលទ្ធភាព ថ្មីៗបន្ថែមទៀតក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពសុខភាពមាតា ទារក និងកុមារនៅកម្ពុជា។
ខ្ញុំសូមឆ្លៀតយកឱកាសនេះ ឧទ្ទិសខ្លឹមសារ និងអត្ថន័យនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ឱ្យស្ថិតនៅជាស្មារតីនៃការប្រុងប្រយ័ត្នប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅឆ្នាំ២០៣០៕
ដោយ ៖ សុខ ខេមរា