ព័ត៌មានទាន់ហេតុការណ៍៖

លោក ឯក ឃុន ដឿន អភិបាលខណ្ឌឫស្សីកែវដាក់ចេញផែនការបង្ក្រាបល្បែងស៉ីសងគ្រប់ប្រភេទ ពិសេសល្បែងអ៉ីនធើរណេតអនឡាញ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានដាក់ចេញផែនការសំខាន់ៗមួយចំនួនដើម្បីជំរុញដល់ថ្នាក់ដឹកនាំខណ្ឌ-សង្កាត់រួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាព ពិសេសយកចិត្តទុកដាក់លើការស្រាវជ្រាវ និងបង្ក្រាបជាក់ស្ដែងនូវរាល់បទល្មើសល្បែងស៉ីសងគ្រប់ប្រភេទ និងល្បែងអ៉ីនធើរណេតអនឡាញ ដើម្បីធានារក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

    លោក ឯក ឃុនដឿន បានដាក់ចេញផែនការសំខាន់ៗដើម្បីជំរុញដល់ថ្នាក់ដឹកនាំខណ្ឌ-សង្កាត់យ៉ាងដូច្នេះ នៅចំពោះមុខគណៈអភិបាល គណៈនាយក លោកអធិការ លោកមេបញ្ជាការរងយោធភូមិភាគពិសេស ប្រធាន-អនុប្រធានការិយាល័យពាក់ព័ន្ធ លោក-លោកស្រីចៅសង្កាត់ ចៅសង្កាត់រង ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៧ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយតាមប្រព័ន្ធអនឡាញ (Zoom) ស្ដីពីការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ អូមីក្រុង (ស្ថិតនៅសាលាខណ្ឌ+សាលារាជធានី) នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ឯក ឃុនដឿន បានដាក់ចេញផែនការសំខាន់ៗ និងជំរុញដល់ថ្នាក់ដឹកនាំខណ្ឌ-សង្កាត់ និងជំនាញពាក់ព័ន្ធអំពីខ្លឹមសារតាមរយៈហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខណ្ឌយ៉ាងដូច្នេះថា៖

   -ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងមូលដ្ឋាន ជាពិសេស (ល្បែងអនឡាញ)។ 

   -រឹតបន្តឹងការអនុវត្ត ការផាកពិន័យចំពោះអ្នកមិនពាក់ម៉ាស់នៅតាមទីសាធារណៈ។

   -ពង្រឹង និងបន្តផ្សព្វផ្សាយអប់រំអំពី វិធានការសុខាភិបាល ៣កុំ ៣ការពារ តាមបណ្តាអាជីវកម្ម សំណង់ ផ្សារ ភោជនីយដ្ឋាន និងទីតាំងហានិភ័យទាំងអស់ក្នុងមូលដ្ឋាន។

   -ពង្រឹងទំនាក់ទំនង និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ ដោយអនុវត្តតាមវិធានសុខាភិបាល។

    -រៀបចំយន្តការចុះស្រង់ស្ថិតិប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានចាក់វ៉ាក់ដូសទី១-២-៣ និងទី៤ ដើម្បីធ្វើរបាយការណ៍បញ្ជូនទៅរដ្ឋបាលរាជធានីភ្នំពេញ ត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៥ រសៀលជាកំហិត៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖