ព័ត៌មានទាន់ហេតុការណ៍៖

អ្នកឯកទេសអាមេរិកនិយាយថា រុស្ស៊ីនឹងវាយប្រហារអ៊ុយក្រែននៅថ្ងៃទី២០ខែកុម្ភៈ

ចែករំលែក៖

អ្នកឯកទេសអាមេរិកបានលើកឡើងថា នៅថ្ងៃទី២០ខែកុម្ភៈ គឺជាថ្ងៃដែលរុស្ស៊ីវាយប្រហារអ៊ុយក្រែន មិនមែនថ្ងៃទី១៦កុម្ភៈដូចការព្យាករមុននោះឡើយ ។ ប៉ុន្តែវិមានប្រធានាធិបតីរុស្ស៊ីបានច្រានចោលព័ត៌មានខាងលើ ដោយបញ្ជាក់ថា នោះជាព័ត៌មានក្លែងក្លាយ។

ក្រុមអ្នកវិភាគនយោបាយអាមេរិក បានលើកឡើងថា នៅថ្ងៃទី ២០ខែកុម្ភៈ ជាពេលវេលាសំខាន់ ហើយរុស្ស៊ីនឹងវាយប្រហារអ៊ុយក្រែន មិនមែនថ្ងៃទី១៦ខែកុម្ភៈនោះឡើយ។ កាលពីដើមខែកុម្ភៈប្រព័ន្ធផ្សព្វផ្សាយនានារបស់បណ្តាប្រទេសលោកខាងលិចបានផ្សាយថា រុស្ស៊ីនឹងវាយប្រហារអ៊ុយក្រែននៅថ្ងៃទី ១៦ខែកុម្ភៈ។ ជាមួយគ្នានោះប្រធានាធិបតីអាមេរិកលោកបៃឌិនក៏បានប្រកាសថា ការវាយប្រហារអ៊ុយក្រែនពីសំណាក់ប្រទេសរុស្ស៊ីជិតកើតឡើងហើយ។
ជាមួយគ្នានេះដែរ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Vershinin កាលពីថ្ងៃទី១៧ខែកុម្ភៈបាននិយាយថា ការរៀបរាប់អំពីសេណារីយ៉ូយោធានៅឯអង្គការសហប្រជាជាតិ (UN) ដោយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក គឺលោក Antony Blinken គឺជារឿងគួរឱ្យសោកស្តាយ ព្រមទាំងជាសម្តីប្រកបដោយគ្រោះថ្នាក់។
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់ UN ពាក់ព័ន្ធនឹងភាពតានតឹងនៅអ៊ុយក្រែន លោក Blinken បានរ៉ាយរ៉ាប់នូវសេណារីយ៉ូមួយចំនួន ដែលរដ្ឋាភិបាលទីក្រុងវ៉ាស៉ីនតោនជឿជាក់ថា រុស្ស៉ីនឹងព្យាយាមបង្កើតយកធ្វើជាលេសដើម្បីប្រើកម្លាំងយោធាចូលឈ្លានពានអ៊ុយក្រែន ហើយលោកបានព្រមានថា ការឈ្លានពានដោយរុស្ស៉ីនោះ អាចនឹងកើតឡើងក្នុងពេលប៉ុន្មានថ្ងៃទៀត។
ក្នុងកិច្ចប្រជុំដដែលនោះ លោកអនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី ក៏បានរិះគន់សម្តីរបស់លោក Blinken ដោយចាត់ទុកវាថាជាសម្តីដ៏គ្រោះថ្នាក់ជាទីបំផុត ហើយលោកបានសង្កត់ធ្ងន់ថា ការបន្តអះអាងអំពីគម្រោងឈ្លានពានរបស់រុស្ស៉ីទៅលើអ៊ុយក្រែន គឺមិនមានមូលដ្ឋានគាំទ្រទាល់តែសោះ ខណៈដែលកងទ័ពរុស្ស៉ីមួយចំនួនកំពុងត្រូវដកចេញពីតំបន់ព្រំដែនវិញ ក្រោយបញ្ចប់ការធ្វើសមយុទ្ធយោធា៕ ដោយ៖ សាធី

ប្រភពរូបថត៖VOV.VN


ចែករំលែក៖