ភ្នំពេញ៖ បច្ចុប្បន្ននេះយេីងសង្កេតឃេីញថា ប្រជាពលរដ្ឋមួយចំនួននៅតែល្មេីសច្បាប់ និងមិនគោរពផ្លាកសញ្ញាចរាចរណ៍ ប៉ុន្តែចំពោះអ្នកល្មេីសច្បាប់ចរាចរណ៍ទាំងនោះ ត្រូវបានសមត្ថកិច្ចជំនាញ ចុះអនុវត្តវិធានការ ដោយចាប់យកមកធ្វេីការផាកពិន័យផងដែរ។
ជាក់ស្ដែងកម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលចំនួន១៤ខណ្ឌ បានចុះយុទ្ធនាការរៀបសណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានរៀងរាល់ថ្ងៃ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
ដោយឡែកទាក់ទងទៅនឹងបញ្ហាកកស្ទះចរាចរណ៍ នៅផ្លូវលេខ២៧១ មុខមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត និងស្ពានចំរើនផល បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ ចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វើការផ្សព្វផ្សាយអប់រំណែនាំបងប្អូនអាជីវករ ដោយឲ្យទ្បើងលក់ផុតពីទ្រូងថ្នល់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅវិញទៅមក។
ក្នុងប្រតិបត្តិការនេះដែរ កម្លាំងផ្នែកនគរបាលសណ្តាប់ធ្នាប់ បានធ្វើការផាកពិន័យម៉ូតូជិះបញ្ច្រាសទិស និងមិនគោរពផ្លាកសញ្ញា យកមករក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក៕
ដោយ៖ស តារា