ខេត្តកណ្ដាល៖ សួនច្បារដ៏ស្រស់ស្អាតមួយកន្លែង ស្ថិតនៅស្រុកល្វាឯម ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមអធិបតី លោក គង់ វិបុល រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកល្វាឯម តំណាងដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ស្ថិតនៅភូមិវាលធំ និងភូមិព្រែកតាអុងទី៣ ឃុំពាមឧកញ៉ាអុង និងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។
នាឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសួនច្បារខាងលេីនេះ គឺទំហំ ២០ម៉ែត្រ គុណនឹង ៣៥ ម៉ែត្រ តារាងបាល់ទាត់ ទំហំ ៧៥ម៉ែត្រ គុណនឹង ៥០ម៉ែត្រ ស្ពាន២កន្លែង ប្រវែង ៧៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ ដោយមានអ៊ុតកៅស៊ូ AC ពីលើ (ស្ពានព្រែកពោធិ៍ ទំហំ៥១ម៉ែត្រ គុណនឹង ៨ម៉ែត្រ និង ស្ពានព្រែកតាព្រហ្ម ទំហំ ២៥ម៉ែត្រ គុណនឹង ៨ម៉ែត្រ)។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ លោក គង់ វិបុល បានលើកឡើងថា សមទ្ធិផលថ្មីៗជាច្រើនដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ បានកើតចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ុនប្រសប់ និងឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិទាំងមូល មានសន្តិភាព ឯកភាព និងកិត្យានុភាពជាតិ ដែលប្រទេស កម្ពុជាមិនធ្លាប់មានជាង ៥០០ឆ្នាំ កន្លងមក ហើយបានទទួលការកោតសរសើរស្ងប់ស្ញែងលើឆាកអន្តរជាតិ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវដឹងគុណសន្តិភាព និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមការពារសន្តិភាព ដើម្បីអោយប្រទេសរបស់យើងមិនតន្តអភិវឌ្ឍបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ លោក គង់ វិបុល ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍ ពិសេសមេរោគបំលែងថ្មីអូមីក្រុង ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី មាន ៣កុំ និង ៣ការពារ ៕
ដោយ៖សហការី