ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីការពារជាតិអាមេរិក៖ កម្លាំងទាហានរុស្ស៊ីជាងពាក់កណ្តាលនៅជុំវិញអ៊ុយក្រែនស្ថិតនៅក្នុងទីតាំងវាយប្រហារ

ចែករំលែក៖

សារព័ត៌មាន CNN បានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីការពារជាតិអាមេរិកដែលបានឱ្យដឹងថា កម្លាំងទាហានរុស្ស៊ីជាងពាក់កណ្តាលនៅជិតប្រទេសអ៊ុយក្រែនបានស្ថិតនៅក្នុងការត្រៀមលក្ខណៈវាយប្រហារទៅលើទីតាំងនានាក្នុងទឹកដីអ៊ុយក្រែន។
តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា កងពលត្រៀមប្រយុទ្ធរបស់រុស្ស៊ីបានកើនឡើងពី១២០កងពលដល់ទៅ១២៥កងពល ហើយកងពលនីមួយៗ មានកម្លាំងទាហានប្រមាណ១០០០ពាន់នាក់។ ចំណែកភាគីរុស្ស៊ីវិញបានច្រានចោលព័ត៌មានខាងលើ ។
កន្លងមកប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃ១៨ខែកុម្ភៈថា សហរដ្ឋអាមេរិក និងបណ្តាប្រទេស NATO ផ្សេងទៀតមិនទាន់មានឆន្ទៈក្នុងការទទួលយកការទាមទារផ្នែកសន្តិសុខសំខាន់ៗពីប្រទេសរបស់លោកឱ្យបានគ្រប់គ្រាន់នៅឡើយទេ។ ការថ្លែងបែបនេះបានកើតមានឡើងបន្ទាប់ពីលោកពូទីន បានបញ្ចប់ជំនួបពិភាក្សាជាមួយសមភាគីបេឡារូសលោក Alexander Lukashenko។
លោកពូទីន បានគូសបញ្ជាក់បន្ថែមថា តបតាមការស្នើពីសមភាគីបេឡារូស លោកបានពន្យល់រួចរាល់ហើយអំពីទំនាក់ទំនងចុងក្រោយបំផុតជាមួយមេដឹកនាំនៃបណ្តាប្រទេសលោកខាងលិច ស្តីពីការទាមទារឲ្យមានការធានាសន្តិសុខរយៈពេលវែង និងស្របច្បាប់សម្រាប់ប្រទេសរុស្ស៊ីពីសំណាក់សហរដ្ឋអាមេរិក និងអង្គការ NATO។
លោក ពូទីន បានសង្កត់ធ្ងន់ទៀតថា «យើងបានពិភាក្សាអំពីស្ថានការណ៍ដែលកំពុងវិវឌ្ឍទៅមុខ ទាក់ទងនឹងការទាមទាររបស់រុស្ស៊ី ចំពោះលោកខាងលិច ដោយក្នុងនោះចំណុចសំខាន់ៗចែងថា អង្គការ NATO គួរតែបោះបង់ចោលផែនការរបស់ខ្លួនលើការពង្រីកវត្តមានទៅតំបន់ភាគខាងកើតអឺរ៉ុប … ស្របតាមច្បាប់ដែលបង្កើតឡើងដោយ រុស្ស៊ី-NATO ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៧។ ដូចអ្វីដែលខ្ញុំបាននិយាយរួចមកហើយ, សហរដ្ឋអាមេរិក និងសមាជិកដទៃទៀតរបស់ NATO មិនទាន់មានឆន្ទៈក្នុងការស្វែងយល់នូវចំណុចស្នូលទាំងបីនៃគំនិតផ្តួចផ្តើមរបស់យើងឱ្យបានគ្រប់គ្រាន់នៅឡើយទេ»៕

ដោយ៖ សាធី(រូបថត៖Getty.)


ចែករំលែក៖