ខេត្តត្បូងឃ្មុំ ៖ លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃសៅរ៍ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍និងសំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់គណបក្សប្រជាជនកម្ពុជាចំនួន៤៤២៧ នាក់ ក្នុងនោះសមាជិកថ្មីចំនួន២៤៣០នាក់ ជាសកម្មជនមកពីគណបក្សនយោបាយផ្សេងៗ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ មានប្រសាសន៍ថាសមាជិកគណបក្សយើងត្រូវប្រឹងប្រែងប្រកាន់ខ្ជាប់នូវគុណធម៌ និងធ្វើអំពើល្អនៅតាមមូលដ្ឋាន ដោយឈរលើសច្ចធម៌ ដែលគណបក្សប្រជាជនបាននិងកំពុងធ្វើអ្វីៗដើម្បីប្រជាជន។ លោក អ៊ាង សុផល្លែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ ដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ។ ផ្ទុយពីក្រុមទណ្ឌិតប្រឆាំងក្រៅស្រុកធ្វើនយោបាយ ដើម្បីផលប្រយោជន៍បក្ខពួក ក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។
ជាមួយគ្នានេះ លោក អ៊ាង សុផល្លែត បានសូមអំពាវនាវដល់សមាជិក សមាជិកាថ្មី ខិតខំចូលមករួមក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលជំរុញឲ្យមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ មានអនាម័យ និងបរិស្ថានស្អាត ជាពិសេសការរីកចម្រើននៅក្នុងមូលដ្ឋាន។ សូមបញ្ជាក់ថា តាមរយៈការចូលរួមកន្លងមក ឯកឧត្តមប្រធានក្រុមការងារ បានដាក់ផែនការយុទ្ធសាស្រ្តផ្តល់ការលើកទឹកចិត្តដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានក្នុងស្រុកអូររាំងឪ ផ្តល់ថវិកា១លានរៀល ក្នុងការបង្រ្កាប ឬចាប់បានជនល្មើសគ្រឿងញៀនបានម្នាក់។
នៅក្នុងថ្ងៃនេះដែរ លោក អ៊ាង សុផល្លែត បានសម្រេចផ្តល់ថវិកាលើកទឹកចិត្តចំនួន១៩លានរៀល ដល់អធិការដ្ឋាននគរបាលស្រុកដែលបានអនុវត្តការងារជោគជ័យជាបណ្តើរៗ ដោយបានបង្រ្កាបបទល្មើសគ្រៀងញៀនក្នុងមូលដ្ឋាន និងបានឃាត់ខ្លួនជនល្មើសបាន១៩នាក់ បញ្ជូនទៅតុលាការតាមនីតិវិធីនៃច្បាប់។
ប្រធានក្រុមការងារ បានលើកឡើងផងដែរ ពីតួនាទីសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជាក្នុងការចូលរួមរំដោះប្រជាជន និងប្រទេសជាតិពីបនប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃ៧ មករា ១៩៧៩ បានកសាង និងអភិវឌ្ឍន៍ប្រទេស ព្រមទាំងការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានខិតខំប្រឹងប្រែង តស៊ូ លះបង់កម្លាំងកាយចិត្ត យកអាយុជីវិតធ្វើជាដើមទុន នាំយកសុខសន្តិភាព និងស្ថេរភាពពេញលេញ ជូនជាតិ មាតុភូមិ និងបានអភិវឌ្ឍប្រទេសរីកចម្រើនគ្រប់វិស័យនាពេលបច្ចុប្បន្ន។ ពិសេសជាងនេះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានទទួលពានរង្វាន់ស្ថាបនិកសន្តិភាព«ស៊ុនហាក់» ដោយសារសម្តេចបានដឹកនាំប្រទេស បញ្ចប់សង្រ្គាមស៊ីវិល នាំនូវសុខសន្តិភាពជូនជាតិនិងប្រជាជនកម្ពុជា និងសម្តេចបានដើរតួនាទីដ៏សំខាន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងការចូលរួមចំណែកសម្រាប់សន្តិភាពពិភពលោក និងនាំមកនូវការចូលរួមចំណែក ដើម្បីស្វែងរកសន្តិភាពសម្រាប់ពិភពលោកទាំងមូល។
លើសពីនេះទៀត ជោគជ័យនៃដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតមកពីគណបក្សប្រជាជនកម្ពុជា ទៅកាន់ប្រទេសជប៉ុននាពេលថ្មីៗនេះ បានបង្ហាញលទ្ធផលជោគជ័យជាក់ស្តែងថ្មីទៀត សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
បន្ថែមពីនេះ លោកប្រធានក្រុមការងារ បានអំពាវនាវដល់សមាជិកបក្សទាំងចាស់ និងថ្មី ត្រូវរួមសាមគ្គីគ្នា ថែរក្សាសុខសន្តិភាពឲ្យបានដាច់ខាត និងត្រូវចូលរួមបន្តគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅគ្រប់អាណត្តិ និងសូមគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត៕
ដោយ៖ស តារា