ខេត្តឧត្ដរមានជ័យ៖ លោក ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជនគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា បានថ្លែងសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នៅព្រលប់ថ្ងៃសៅរ៍ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះថា៖ “ហ្មត់ចត់ បត់បែន តែយើងគ្រប់គ្រងស្ថានភាពបាន”។
លោក ហ៊ុន ម៉ានី បានថ្លែងបន្តថា ការរីករាលដាលនៃជំងឺកូវីដ-១៩ គឺជាវិញ្ញាសាថ្មីមួយ អាចថាជាការសាកល្បងសមត្ថភាពនៃការដឹកនាំក៏ថាបាន ដែលមិនមានប្រទេសណាធ្លាប់បានជួបប្រទះនោះទេ។ មិនថាប្រទេសជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនប្រាកដថាអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នេះបានល្អប្រសើរដែរ។ ដោយឡែកកម្ពុជាដែលជាប្រទេសតូច តែមានបេះដូងធំទូលាយ សម្រេចបានជោគជ័យ ឈ្នះលើវិញ្ញាសាមួយនេះគួរជាទីមោទនៈ ស្របពេលដែលប្រទេសជាច្រើនលើពិភពលោក នៅតែបន្តជួបប្រទះការលំបាកនៅឡើយ ព្រមទាំងបន្ថែមការការពារសុខុមាលភាពជូនប្រជាពលរដ្ឋតាមរយៈការចាក់វ៉ាក់សាំងយ៉ាងជោគជាំទូទាំងប្រទេស។ ទាំងនេះមិនត្រឹមតែចេញមកពីការដឹកនាំឈ្លាសវៃ ម៉ឹងម៉ាត់ ហ្មត់ចត់បត់បែន និងការចូលរួមសហការរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះទេ តែយើងក៏មិនអាចព្រងើយកន្តើយបាននូវការអនុវត្តការងារយ៉ាងមានប្រសិទ្ធភាពរបស់មន្ត្រីមូលដ្ឋាននោះឡើយ។
លោក ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមទៀតថា ស្របពេលដែលខ្ញុំបានមកដល់ភូមិសាស្ត្រខេត្តជាប់បន្ទាត់ព្រំដែន ក្នុងកម្មវិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តឧត្តរមានជ័យនេះ ខ្ញុំសូមឆ្លៀតឱកាស កោតសរសើរ និងថ្លែងអំណរគុណដល់មន្តី្ររាជការ ក្រុមការងារមូលដ្ឋាន ក្នុងការគ្រប់គ្រង និងសម្របសម្រួលបងប្អូនកម្មករដែលវិលត្រឡប់មកពីប្រទេសជិតខាង។ សកម្មភាពនៃការលះបង់របស់មន្ត្រីរាជការដែលជាសមាជិកបក្សទាំងអស់គ្នាពិតជាហត់នឿយណាស់ ម្យ៉ាងត្រូវប្រឈមមុខជាមួយហានិភ័យនានាផង ម្យ៉ាងត្រូវប្រឈមជាមួយបញ្ហានានាជាច្រើនផ្សេងៗទៀតដែលជួបប្រទះផង ទាំងបញ្ហាផ្ទាល់ខ្លួន និងទំនួលខុសត្រូវដទៃទៀត។
គ្រប់ពេលដែលមានការលំបាក ឬពេលមានវិបត្តិ មន្ត្រីនៃគណបក្សប្រជាជនកម្ពុជា តែងតែមានវត្តមាននៅជាមួយប្រជាជនកម្ពុជាជានិច្ច។ ការណ៍នេះបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជានៅតែជាជម្រើសតែមួយគត់ សម្រាប់ប្រជាជនកម្ពុជា ព្រោះគណបក្សប្រជាជនមានប្រភពពីប្រជាជន ជារបស់ប្រជាជន និងដើម្បីប្រជាជន៕
ដោយ៖សហការី