ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចំនួនជាង ៣០០នាក់ បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅបរិវេណ សាលាបឋមសិក្សាកំភុន ស្ថិតក្នុង ភូមិកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
សូមជម្រាបជូនថា, ពិធីចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានីនេះ ស្ថិតក្រោមអធិបតីភាព លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្ត លោក ហ៊ុន ម៉ានី និង លោក ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងចូលរួមដោយវេជ្ជបណ្ឌិតជំនាញៗ ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋមកព្យាបាលជំងឺជាច្រើននាក់។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក លេង ផាលី បានបញ្ជាក់ថា÷ ក្រុមគ្រូពេទ្យស្មគ្រចិត្ត លោក ហ៊ុន ម៉ានី បាននាំយកវេជ្ជបណ្ឌិតឯកទេសជំនាញៗ ដែលមានបទពិសោធន៍ ព្យាបាលជំងឺច្រើនឆ្នាំ រួមទាំងបានឆ្លងកាត់ការសិក្សា នៅក្រៅប្រទេស និងគ្រូពេទ្យទូទៅ មកពិគ្រោះនិងព្យាបាលជំងឺជូនបងប្អូនដោយឥតគិតថ្លៃ ក្នុងនោះ មានជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺប្ញសដូងបាត ក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ព្រូន ស្លេកស្លាំង រលាកថ្លេីម សន្លាក់ឆ្អឹង កាមរោគ គ្រុនចាញ់ គ្រុនឈាម បេះដូង ទឹកនោមផ្អែម លើសឈាម តម្រងនោម ពិនិត្យអេកូ ជូនស្ត្រីមានផ្ទៃពោះ..។ ល។
លោក ស្វាយ សំអ៊ាង អភិបាល នៃគណអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ទាំងអស់ ដែលបានជួយពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ចំនួនជាង ១០០០ នាក់។ ជាមួយគ្នានេះដែរ លោក អភិបាលខេត្ត បានសំណូមពរដល់ក្រុមគ្រូពេទ្យស្មគ្រចិត្ត សូមឱ្យបន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលក្រោយៗទៀត សំដៅលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ឯកឧត្តមអភិបាលខេត្ត ចាត់ទុកកម្មវិធីនេះ ជាកាយវិការមនុស្សធម៌ មិនអាចកាត់ថ្លៃបាន ក្នុងនាមខ្មែរជួយខ្មែរ និងជាសិល្បៈចែករំលែកដ៏ល្អប្រពៃ។
លោក ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង បានបញ្ជាក់បន្ថែមថា÷ ថ្ងៃនេះប្រជាពលរដ្ឋក្នុងស្រុកសេសាន ក៏ដូចជាខេត្តស្ទឹងត្រែងទាំងមូល ពិតជាមានសេចក្តីសោមនោសរីករាយ និងគោរពថ្លែងអំណរគុណជាអតិបរិមាចំពោះការយកចិត្តទុក្ខ ដាក់របស់លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា ជាប្រធានគណកម្មការទី៧នៃរដ្ឋ សភា ជាប្រធានសហភាពសហព័ន្ធកម្ពុជា ដែលបានផ្តល់ឳកាសអោយប្រជាពលរដ្ឋ ក្នុងស្រុកសេសាន ក៏ដូចជាខេត្តស្ទឹងត្រែងទាំងមូលទទួលបានការព្យាបាលជម្ងឺ ដោយឥតគិតថ្លៃ។ ក្នុងឱកាសនោះ ដែរលោក អ្នកតំណាងរាស្ត្រ បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលបានឆ្លៀតឳកាសដ៏មានតម្លៃ និងមមាញឹក អស់កំលាំង កាយចិត្តប្រាជ្ញាស្មារតី ក្នុងការព្យាបាលជម្ងឺជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ស្ទឹងត្រែង ក៏ដូចស្រុកសេសាន៕
ដោយ ៖ សិលា