ភ្នំពេញ៖ កីឡាករ ឡេង ណូរ៉ា ដែលកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីកីឡាករវ័យ១៧ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងការប្រកួតពាន AFF U23 Championship ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមផេក (Cambodia 2023) CAMSOC ជាមួយពាក្យស្លោកថា #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣
#កីឡារស់ក្នុងសន្ដិភាព SPORTS: LIVE IN PEACE នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។
សូមបញ្ជាក់ថា, កំព្រាឪពុកតាំងពីវ័យ៦ឆ្នាំ និងរស់នៅជាមួយអង្គការកុមារកំព្រាមួយក្នុងសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ឡេង ណូរ៉ា បានតស៊ូក្រាញននៀលនឹងជីវិតតាំងពីកុមារភាព ជាពិសេសក្នុងការហ្វឹកហាត់ បាល់ទាត់រហូតដល់ធ្វើឲ្យរូបគេ ទទួលបានឱកាសល្អៗក្នុងក្លិបកីឡាបាល់ទាត់នានា រហូតដល់ក្លាយជាបេក្ខភាពដ៏ឆ្នើមមួយរូបនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។
ឡេង ណូរ៉ា បានបាត់បង់ឪពុកជាជនជាតិហ្គាណា និងមានម្តាយជាជនជាតិខ្មែរ ដោយកំព្រាឪពុកតាំងពីរូបគេទើបមានអាយុ៦ឆ្នាំ។ នៅអង្គការកុមារកំព្រានោះ ណូរ៉ា ទទួលបានការមើលថែ រៀនសូត្រ និងលេងបាល់ទាត់រហូតវិវត្តន៍ខ្លួនក្លាយជាក្រុមយុវជនក្រោយអាយុ១៥ឆ្នាំ នៅក្លឹបបាល់ទាត់ វិសាខា កាលពីឆ្នាំ២០១៩។ ណូរ៉ា បានរួមចំណែកជួយដល់ក្រុមឈ្នះពានមួយចំនួននៅទីនោះ ដូចជា ពានជើងឯកវិទ្យាល័យ, Soccer League, ការប្រកួតជម្រើសជើងឯកយុវជនរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា, ពានរង្វាន់ KMH CUP អាយុក្រោម១៨ឆ្នាំ មុនផ្ទេរទៅក្លឹបព្រៃវែង នៅឆ្នាំ២០២១ និងទើបត្រឡប់មកក្រុមឈុតធំរបស់ក្លឹបវិសាខា នៅឆ្នាំ២០២២នេះ ក្នុងតំណែងជាខ្សែប្រយុទ្ធ។
យុវជនដ៏លេចធ្លោរូបនេះ ត្រូវបានគ្រូជម្រើសជាតិកម្ពុជា កោះហៅចូលរួមជួយក្រុមជម្រើសជាតិកម្ពុជាក្នុងប្រកួតជម្រុះកន្លងទៅ នៃព្រឹត្តិការណ៍ពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022។ យុវជនវ័យ១៧ឆ្នាំរូបនេះ បានចេញទៅហ្វឹកហាត់ជាមួយក្រុមនៅប្រទេសជប៉ុន និងការប្រកួតជម្រុះពានរង្វាន់អាស៊ីនេះ។
សម្រាប់ពានរង្វាន់ជម្រើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ (AFF U23 Champioship 2022) ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ពីថ្ងៃទី១៤-២៦ ខែកុម្ភៈនេះ ក៏យុវជនជម្រើសជាតិកម្ពុជា ឡេង ណូរ៉ា ជាប់នៅក្នុងបញ្ជី១១នាក់ដំបូង នៃក្រុមជម្រើសជាតិកម្ពុជា ទាំង២ប្រកួតមកនេះដែរ។ បច្ចុប្បន្ន ក្នុងវ័យ១៧ឆ្នាំ យុវជន ឡេង ណូរ៉ា គឺជាកីឡាករក្មេងជាងគេទី២ ក្នុងក្រុម U23 កម្ពុជា បន្ទាប់ពីកីឡាករ ស៊ិន សុវណ្ណមករា។ នៅក្នុង ការប្រកួត AFF U23 Champioship 2022នេះ ឡេង ណូរ៉ា បានជួយក្រុមមិនឱ្យរបូតគ្រាប់បាល់១ឡើយ ដោយដណ្តើមបានជ័យជម្នះដ៏ត្រចេះត្រចង់ ៦-០ លើក្រុមភ្ញៀវ ប្រ៊ុយណេ នៅក្នុងការប្រកួតទី១ កាលពីថ្ងៃទី១៤ ខែកុម្ភៈ និងជួយក្រុមបន្តយកឈ្នះនៅប្រកួតទី២ ដោយលទ្ធផល ១-០ លើក្រុមភ្ញៀវ ហ្វីលីពីន កាលពីថ្ងៃទី១៧ ខែកុម្ភៈ។ ក្នុងការប្រកួតនេះ កីឡាករ ឡេង ណូរ៉ា លេងក្នុងតំណែងជាខ្សែការពារស្លាបឆ្វេង។
បច្ចុប្បន្ន ក្រុម U23 កម្ពុជា កំពុងក្តោបក្តាប់តំណែងលើកំពូលតារាងជាមួយនិង ៦ពិន្ទុ ក្នុងពូល A ក្រោយឆ្លងកាត់២ប្រកួតឈ្នះទាំង២ប្រកួត ខណៈក្រុមទីម័រខាងកើត កំពុងឈរតំណែងលេខ២ ក្រោយ ឈ្នះ១ប្រកួត និងស្មើ១ប្រកួត មាន៤ពិន្ទុ។ ចំពោះ១ប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុក្នុងពូល A នេះ គឺក្រុមកម្ពុជា ត្រូវប៉ះជាមួយក្រុមទីម័រខាងកើត នាវេលាម៉ោង ៧:០០យប់ ថ្ងៃអាទិត្យទី២០ ខែកុម្ភៈនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងព្រឹត្តិការណ៍នេះ យើងឃើញថា ក្រុមកម្ពុជាមានឱកាសខ្ពស់ ក្នុងការឈានឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬ៤ក្រុមចុងក្រោយ ខណៈ១ប្រកួតចុងក្រោយរបស់កម្ពុជា គឺត្រូវការត្រឹមស្មើជាមួយក្រុមទីម័រខាងកើតប៉ុណ្ណោះ ដើម្បីឈរក្នុងតំណែងចំណាត់ថ្នាក់លេខ១ និងបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ។ ព្រឹត្តិការណ៍ AFF U23 Championship 2022 បានកំណត់យកក្រុមចំណាត់ថ្នាក់លេខ១ ចំនួន៣ក្រុម នៃពូលទាំង៣ (ឡើងស្វ័យប្រវត្តិ) និង១ក្រុមទៀត ជាក្រុមចំណាត់ថ្នាក់លេខ២ ល្អផ្តាច់គេ ដែលនឹងរើសចេញពីពីរពូល គឺពូល A ឬពូល C សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
ដោយ ៖ សិលា