ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីអង់គ្លេស៖ រុស្ស៊ីឡើងគម្រោងសម្រាប់សង្គ្រាមទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរ

ចែករំលែក៖

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានលើកឡើងថា រុស្ស៊ីបានឡើងគម្រោងសម្រាប់សង្គ្រាមទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
សារព័ត៌មាន BBC នៅថ្ងៃទី ២០ខែកុម្ភៈបានដកស្រង់សម្តីនាយករដ្ឋមន្ត្រីអង់គ្លេសដែលបានបញ្ជាក់ថា «គម្រោងដែលយើងមើលឃើញនាពេលនេះគឺអាចបង្កឱ្យមានសង្គ្រាមទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៤៥ មក»។ នាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់ថា រុស្ស៊ីនឹងបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ពីគ្រប់ទិស ដោយពេលនេះកម្លាំងទាហានរុស្ស៊ីបានឡោមព័ទ្ធទីក្រុង Kiev រួចអស់ហើយ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយថា ប្រសិនបើបណ្ដាប្រទេសលោកខាងលិចបរាជ័យក្នុងការបំពេញកិច្ចសន្យារបស់ខ្លួនដើម្បីគាំទ្រដល់ឯករាជ្យភាពរបស់អ៊ុយក្រែននោះវាអាចនឹងបង្កផលវិបាកនៅជុំវិញពិភពលោក ដែលក្នុងនោះរួមមានទាំងកោះតៃវ៉ាន់ផងដែរ។
លោក បូរីស ចនសុន បានធ្វើការកត់សម្គាល់ខាងលើនៅឯសន្និសីទសន្តិសុខក្នុងទីក្រុងមុយនិក ប្រទេសអាល្លឺម៉ង់ នាថ្ងៃសៅរ៍កន្លងមកនេះ។ លោក ចនសុន បានបញ្ជាក់ដូច្នេះថា «គ្រប់ពេលដែលរដ្ឋមន្ត្រីនៃប្រទេសលោកខាងលិចបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ (អ៊ុយក្រែន), យើងតែងតែធានាចំពោះប្រជាជនអ៊ុយក្រែន និងមេដឹកនាំរបស់ពួកគេថាយើងនឹងគាំទ្របូរណភាពទឹកដី និងឯករាជ្យភាពរបស់ពួកគេ»។
លោកបន្ថែមថា ប្រសិនបើអ៊ុយក្រែនរងការបំផ្លិចបំផ្លាញនោះវានឹងបង្កផលវិបាកនៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំងតៃវ៉ាន់ផង ហើយមនុស្សខ្លះអាចធ្វើការសន្និដ្ឋានថា ការឈ្លានពានប្រទេសណាមួយគឺជារឿងត្រឹមត្រូវ៕ ដោយ៖ សាធី

រូបថត៖Sputnik


ចែករំលែក៖