ភ្នំពេញ៖ ត្រឹមតែរយៈពេល២០នាទីសោះនៅតាមបណ្តោយផ្លូវចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានក្រុមជនសង្ស័យបានធ្វេីសកម្មភាពកាប់ប្លន់យកម៉ូតូអស់មួយគ្រឿងនិងស្លាកលេខម៉ូតូមួយទៀត០២ករណីផ្សេងគ្នា បណ្តាលឲ្យយុវជន២នាក់របួសធ្ងន់ស្រាល។
ករណីទី១/នៅវេលាម៉ោង០៣ទៀបភ្លឺឈានចូលថ្ងៃទី២១ ខែកុម្ភ:ឆ្នាំ ២០២២នៅចំណុចមុខ រោងចក្រក្រោន តាមបណ្ដោយផ្លូវ ចោមចៅ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានជនសង្ស័យជិត២០នាក់ជិះម៉ូតូប្រមាណជា១០គ្រឿងប្រដាប់ដោយដាវធ្វើសកម្មភាពដេញកាប់ទៅលើយុវជនម្នាក់ជិះម៉ូតូនិចមួយគ្រឿងមិនចាំស្លាកលេខបណ្តាលរងរបួសធ្ងន់ ចំណែកជនសង្ស័យបានលើកយកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនដោយសុវត្តិភាព ឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។
ករណីទី២/កាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២១ កុម្ភ: ឆ្នាំ២០២២ នៅចំណុចមុខ សាលារៀន អន្តជាតិ ប៊ែលធី តាមបណ្តោយផ្លូវចោមចៅ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានក្រុមជនសង្ស័យចំនួនប្រមាណជា១០នាក់ជិះម៉ូតូ៥គ្រឿងប្រដាប់ដោយកាំបិតនិងដុំថ្ម បានធ្វើសកម្មភាពកាប់និងគប់ទៅលើ យុវជនពីរនាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ២០២២ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1AJ-6776 បណ្តាលឲ្យជនរងគ្រោះភ័យស្លន់ស្លោរត់យករួចខ្លួនបណ្តាលឲ្យរងរបួសស្រាល ចំណែកជនសង្ស័យបានកាប់យកស្លាកលេខម៉ូតូយកទៅបាត់ រួចនាំគ្នាជិះគេចខ្លួនបាត់អស់ មិនរំខានដល់សមត្ថកិច្ច។
ក្រោយកើតហេតុជនរងគ្រោះដែររងរបួសស្រាលបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ចំណែកជនរងគ្រោះម្នាក់រងរបួសធ្ងន់កំពុងសង្គ្រោះនៅឯមន្ទីរពេទ្យ៕
ដោយ៖សុខាសែនជ័យ