(តពីលេខមុន)
១- ទៀន និងធូប :
គ្រឿងសក្ការបូជាទាំងពីរមុខនេះគេនិយមប្រើនៅគ្រប់ពេលធ្វើពិធីឯធូបគេច្រើនប្រើចំនួនប្រាំសរសៃ។
នៅក្នុងពិធីជាទំនៀមផ្សេងៗ គេច្រើនប្រើធូប ៥ សរសៃដែលជាតំណាងទិសទាំងបួន ព្រមទាំងទិសកណ្ដាលមួយផង។ប្រសិនជាគេប្រើធូប ៩ សរសៃគឺតំណាងទិសទាំង ៨ និងទិសកណ្ដាលមួយទៀត។
ការពូនភ្នំខ្សាច់ ៥ ឬ ៩ នៅពេលចូលឆ្នាំថ្មីនឹងធ្វើឫសសីមា 9 សម្រាប់កំណត់ព្រំដែនព្រះវិហារវត្តនីមួយៗ ជាដើម ក៏មានន័យដូចជាធូបនេះដែរ។
ម៉្យាងទៀតដោយនៅលើអាកាសយើងនេះ គេសំដៅយកដំណើរគោចររបស់ព្រះអាទិត្យជាគោល ព្រោះព្រះអាទិត្យដែលរះឡើងពីទិសបូព៌ហើយលិចទៅវិញនៅទិសបស្ចឹមនោះ ជួនកាលដើរត្រង់ចំពីលើក្បាលយើង(គឺផ្លូវកណ្ដាល) ជួនការដើរឆៀងទៅផ្លូវខាងត្បូងជួនកាលដើរឆៀងទៅផ្លូវខាងជើង តាមរដូវទើបគេសន្និដ្ឋានថា ចំនួនប្រាំនេះ តាមជំនឿរបស់ខ្មែរគឺជាតំណាងអាកាសលោកទាំងមូលតែម្តង។
ប៉ុន្តែ មតិនៃអ្នកកាន់ព្រះពុទ្ធសាសនាយល់ថា បើគេអុជធូប ៥ សរសៃគឺជាគ្រឿងសក្ការបូជាចំពោះព្រះពុទ្ធទាំង ៥ព្រះអង្គទៅវិញទេ។ជួនកាលគេបូជាធូបតែបីសរសៃផង ហើយគេសន្និដ្ឋានថា ធូបបីសរសៃនេះទុកជាគ្រឿងសក្ការបូជាចំពោះព្រះរតនត្រ័យ(ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ)។
ទៀនគេច្រើនប្រើអុជពេលបិទនៅមាត់ផ្តឹល នៅគែមថាស ឬដោតចំកណ្ដាលគ្រឿងសក្ការៈបូជា។
២-គ្រឿងបូជាធ្វើដោយដើមចេក:
គេដឹងថាចេកមានដើមប្រកបដោយស្រទបជាស្រទាប់ហើយមានទឹកនៅក្នុងស្រទាប់នោះ ។ ដើមចេកស្រស់តែកាលណាគេបកស្រទបចាស់ៗក្រៅចេញទៅ ដើមខាងក្នុងមានពណ៌សខ្ចី ចេញពណ៌បៃតងបន្តិចដែលគេឆ្លាក់ជាក្បាច់ក្បូរបានដោយងាយណាស់ ហើយថ្លៃក៏ថោកផង។ ហេតុនេះហើយទើបគេចូលចិត្តនិយមយកមករចនាលម្អរោងបុណ្យផ្សេងៗនឹងធ្វើបុស្បុកតម្កល់សព។
ម្យ៉ាងទៀត ដើមចេកគេប្រើធ្វើរបស់ឯទៀតជាច្រើនក្នុងគ្រឿងបូជាដូចជា ស្លាធម៌ ដោតដោយម្លូបីសន្លឹក ស្លាមួយនិងធូបបីសរសៃ។
ចែបាយសីគឺជាគ្រឿងបូជាមួយបែបដែលគេមូរស្លឹកចេកឱ្យស្រួចស្រួចហើយយកទៅបោះភ្ជាប់គាត់ជុំពេញដើមចេកមួយកង់ប្រមាណជា១ដេស៊ីម៉ែត្រ ៥០ ជាថ្នាក់ៗតិចច្រើនតាមត្រូវការ។ ម្យ៉ាងទៀតដែលហៅថាពែនោះ ជាគ្រឿងសំណែនដែលធ្វើអំពីចម្រៀកស្រទបចេកកាច់បត់ជារាង ៣ ជ្រុង(ច្រមុះជ្រូក) ៤ជ្រុង ៦ ជ្រុងក៏មានតាមអាចារ្យដែលគេបង្គាប់ឲ្យធ្វើ ។ ពែនេះទុកដូចជាថាសសម្រាប់តម្កល់ព្រះក្រយាបូជាដល់ខ្មោចព្រាយបិសាច។ ពែនេះមានស្រទបស្រទប់ត្រួតលើគ្នាតាមតែគេតម្រូវ ហើយមានឫស្សីដោតខ្វែងខ្លាស់ធ្វើជាឆ្អឹងឱ្យមាំ។ ជួនកាលគេយកស្រទបចេកមួយទាំងមូល មកធ្វើជា”សំពៅ”ឬយកដើមចេកជាច្រើនមកដោតភ្ជាប់គ្នាធ្វើជាសង្ឃឹក ជាក្បូនសម្រាប់បញ្ចេរជំងឺរឿងខ្មោចបិសាច ហើយគេយកស្លឹកចេកមកខ្ទាស់ដោយកន្លះឫស្សីធ្វើជាកន្ទោងសម្រាប់ដាក់ចំណីអាហារ។
ស្លាធម៌ បាយសី និងពែ មានច្រើនបែបច្រើនយ៉ាងណាស់ តាមការកំណត់ដែលគេប្រើក្នុងពិធីទំនៀមទម្លាប់ផ្សេងៗ ។(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត