ព័ត៌មានទាន់ហេតុការណ៍៖

រឿង៖ ព្រះអាទិត្យឥតពន្លឺ

ចែករំលែក៖

យប់ស្ងាត់ណាស់ ប៉ុន្តែអ្វីដែលមិនស្ងាត់គឺក្រពះរបស់មនុស្ស។ ខ្ញុំមិនខុសប្លែកអ្វីពីប្រជាជនផ្សេងទៀតដែលបានជម្លៀសចេញពីទីក្រុងភ្នំពេញទៅកាន់បណ្ដាខេត្តនានានៅថ្ងៃទី ១៧ខែមេសា ១៩៧៥។ ខ្មែរក្រហមបានបង្គាប់ឲ្យខ្ញុំធ្វើការតាំងតែពីព្រះអាទិត្យមិនទាន់រះរហូតដល់ព្រះអាទិត្យលិចបាត់ទៅវិញ។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំជីកប្រឡាយនៅពេលថ្ងៃ រីឯពេលយប់ខ្ញុំធ្វើជាចោរលួចអាហារព្រោះតែសេចក្តីស្រេកឃ្លាន។ ខ្ញុំតែងតែចាកចេញពីពីផ្ទះនៅពេលយប់ ប៉ុន្តែម៉ែរបស់ខ្ញុំចេះតែហាមឃាត់រាល់ពេលដែលខ្ញុំចាកចេញទៅ។ខ្ញុំសៀតកាំបិតនៅនឹងចង្កេះ ហើយប្រាប់ម៉ែថា បើនៅផ្ទះក៏ស្លាប់ បែកក៏ស្លាប់ហើយបើចេញទៅរកអាហារក្រែងមានឱកាសបានរស់។ ម៉ែរបស់ខ្ញុំតែងតែដកដង្ហើមធំជាសញ្ញាបង្ហាញពីក្តីបារម្ភរាល់ពេលដែលខ្ញុំចាកចេញទៅលួចស្រូវ ឬដំឡូងនៅពេលយប់។ ខ្ញុំដើរចេញពីផ្ទះលបៗ និងមានភាពជឿជាក់ជាមួយកាំបិតសៀតនៅចង្កេះ។

   ផ្ទះរបស់ខ្ញុំស្ថិតនៅក្នុងភូមិត្រពាំងផ្លុង ខេត្តតាកែវ។ ខ្ញុំចាំបានថា ពេលនោះគឺខែស្រូវទុំ និងធ្លាក់ខ្យល់ ខ្ញុំបានលួចកាត់ស្រូវយកមកផ្ទះហើយប្រសិនបើមាននរណាម្នាក់ឃើញ ខ្ញុំនឹងសម្លាប់។ នៅក្នុងរបបខ្មែរក្រហមការលួចគឺស្មើនឹងការលះបង់ជីវិតរបស់ខ្លួនឯង ហើយប្រសិនបើមិនសម្លាប់អ្នកដែលឃើញខ្ញុំលួច គឺខ្ញុំជាអ្នកស្លាប់។ ខ្ញុំបានយកជីវិតរបស់ខ្ញុំទៅប្ដូរជាមួយនឹងកួរស្រូវ។

   នៅពេលខ្យល់ធ្លាក់ខ្លាំង គឺកាន់តែងាយស្រួលដល់ខ្ញុំដើម្បីលួចកាត់កួរស្រូវ។ ខ្ញុំបានពួននៅក្នុងគុម្ពស្រូវដែលដុះខ្ពស់ៗដោយស្ងៀមស្ងាត់ ហើយរង់ចាំទាល់តែខ្យល់បក់ដើមស្រូវរវិចៗទើបខ្ញុំលួចកាច់ស្រូវបានដោយគ្មានអ្នកចាប់អារម្មណ៍ថាមានមនុស្សលួចកាត់កួរស្រូវ។រាល់ពេលដែលខ្ញុំលួចស្រូវម្ដងៗ ខ្ញុំហួសចិត្តនឹងខ្លួនឯង ។ ខ្ញុំធ្លាប់តែជាសិស្សឆ្លាតនិងពូកែ ប៉ុន្តែខ្ញុំបានប្រើភាពឆ្លាតវ័យរបស់ខ្ញុំត្រឹមតែលួចកាត់កួរស្រូវនៅក្នុងរបបខ្មែរក្រហម។

   ពេលកាត់ស្រូវរួចខ្ញុំតែងតែដាក់ស្រូវនៅក្នុងថ្នក់អាវ ហើយត្រឡប់មកផ្ទះវិញយ៉ាងសុវត្ថិភាព។ ខ្ញុំបានឲ្យម៉ែយកស្រូវទៅទុក ហើយពុកជាអ្នកមើលផ្លូវក្រែងមានអ្នកឃើញនិងមានគ្រាប់ស្រូវជ្រុះនៅខាងមុខផ្ទះ។ ពុករបស់ខ្ញុំតែងតែបង្កើតទម្លាប់ពីរយ៉ាងមិនឱ្យអ្នកណាចាប់អារម្មណ៍ឡើយ។ ទីមួយគឺគាត់មិនសូវសម្រាន្តពេលយប់នោះទេ ដោយតែងតែធ្វើនេះធ្វើនោះឬដើរនៅជុំវិញផ្ទះ។ ប្រសិនបើមានកងឈ្លបខ្មែរក្រហមមក ពុកប្រាប់ថាគាត់ចាស់ហើយសម្រាន្តមិនសូវលក់។ ទីពីរ ពុកតែងតែបង្កាត់ភ្លើងក្រោមផ្ទះជានិច្ច មិនឲ្យរលត់ឡើយមិនថាយប់ឬថ្ងៃ។ ដូច្នេះបើគ្រួសាររបស់ខ្ញុំចង់លួចអាំងឬដុតអ្វីដោយប្រើភ្លើងក៏គ្មានអ្នកណាសង្ស័យដែរ។

   ខ្មែរក្រហមបានចាត់ទុកពុកនិងម៉ែរបស់ខ្ញុំនៅក្នុងក្រុមមនុស្សចាស់។ ពុកត្រូវខ្មែរក្រហមបង្គាប់ឲ្យបិតឬស្សី ចំណែកឯម៉ែធ្វើជាអ្នកត្បាញល្អី និងកញ្ជើញ។ពុកសុំអង្គការធ្វើការនៅផ្ទះ។ គាត់យកលេសថា ការងារទាំងអស់នេះគឺជាការងារផ្ចង់ស្មារតីមិនអាចធ្វើរួមជាមួយសហករណ៍បានទេ។បើមិនដូច្នោះទេបង្គំឬស្សីទាំងអស់នឹងរៀបខុសនៅពេលត្បាញល្អី។

   ខ្ញុំធូរចិត្តច្រើនណាស់ដែលពុកនិងម៉ែអង្គុយធ្វើការងារស្រាលៗនៅផ្ទះដោយមិនចាំបាច់ចេញទៅធ្វើការងារធ្ងន់នៅតាមវាលស្រែ។ត្បិតថា នេះជាសំណាងមួយប៉ុន្តែយើងនៅតែជួបប្រទះនឹងការលំបាក ព្រោះយើងទទួលបានតែបបរដែលមានគ្រាប់អង្ករមិនលើសពី ២០ គ្រាប់នោះទេនៅក្នុងចានរបស់យើងរាល់ពេលហូបអាហារ។

   ខ្ញុំតែងតែទៅជីកប្រឡាយនៅភូមិដូចរាល់ដង។ ថ្ងៃមួយពេលដែលខ្ញុំកំពុងតែជីកប្រឡាយប្រធានកងចល័តម្នាក់បានរត់មកប្រាប់ខ្ញុំមិត្តសឿន! មិត្តសឿនឯងត្រូវផ្លាស់ទៅភូមិប៉ាំងណាវិញ ព្រោះអង្គការត្រូវការយុវជនពេញកម្លាំងដូចមិត្តទៅជីកប្រឡាយទឹកមួយទៀតដែលជាគម្រោងបន្ទាប់។ ឮតែប៉ុណ្ណេះ ខ្ញុំចាប់ផ្ដើមនឹកព្រួយក្នុងចិត្ត ព្រោះត្រូវទៅរស់នៅឆ្ងាយពីពុកម៉ែរបស់ខ្ញុំ ។ ប៉ុន្តែខ្ញុំក៏តបទៅកាន់ប្រធានកងចល័តវិញដោយការគោរព។

   លុះល្ងាចឡើងខ្ញុំរៀបចំអីវ៉ាន់ដើម្បីត្រៀមទៅរស់នៅភូមិប៉ាំងណាដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។ ត្បិតថាភូមិប៉ាំងណា និងភូមិត្រពាំងផ្លុងនៅខេត្តផ្សេងគ្នា ប៉ុន្តែភូមិទាំងពីរនេះគឺស្ថិតនៅមួយចំហៀងម្នាក់នៃផ្លូវជាតិលេខ ៣ តែប៉ុណ្ណោះ។ ភូមិត្រពាំងផ្លុងនៅខាងកើតផ្លូវជាតិលេខ ៣ ឯភូមិប៉ាំងណានៅខាងលិចផ្លូវជាតិលេខ  ៣ហៅថាតំបន់ ៣៨។ បន្ទាប់ពីខ្ញុំរៀបអីវ៉ាន់រួច ខ្ញុំបានលាម៉ែ ពុកចាកចេញទៅ។ ម៉ែគ្មានអ្វីផ្ដែផ្ដាំខ្ញុំក្រៅពីប្រាប់ខ្ញុំថា កុំឲ្យចេញទៅលួចកួរស្រូវនិងដំឡូងទៀត។ ម៉ែនិយាយទាំងទឹកមុខស្រពោន។ខ្ញុំមិនចង់ឲ្យឱ្យម៉ែលំបាកចិត្តនោះទេដោយបានតបទៅគាត់វិញថា កុំឲ្យគាត់បារម្ភនឹងខ្ញុំ ព្រោះខ្ញុំអាចរកវិធីយករួចខ្លួនបានដោយខ្លួនឯង។បន្ទាប់ពីប្រាប់ពុកម៉ែឱ្យថែរក្សាខ្លួន ខ្ញុំក៏បានលាពុកម៉ែទាំងស្រងេះស្រងោចហើយចាកចេញជាមួយយុវជនផ្សេងទៀត។ ក្នុងចំណោមយុវជនទាំងអស់ខ្ញុំស្គាល់អាធីដែលជាមិត្តភក្តិរបស់ខ្ញុំ។ នៅពេលដែលខ្ញុំទៅដល់ភូមិ ប៉ាំងណា ខ្ញុំនឹងអាធីបានសម្រាកនៅផ្ទះតូចមួយជាមួយគ្នា។ យើងសម្រាកមិនទាន់បានប៉ុន្មានផង ត្រូវប្រធានក្រុមដាស់ឲ្យទៅជីកប្រឡាយនៅភូមិថ្មី។ ខ្ញុំ និងអាធីដេកឃ្លានស្ទើរតែរាល់យប់។ រហូតដល់ថ្ងៃមួយអាធីបានខ្សឹបប្រាប់ខ្ញុំថា នៅយប់ស្អែកនេះនឹងទៅភូមិត្រពាំងផ្លុងទៅជួបម៉ែក្រែងមានអ្វីហូបខ្លះ។

នៅពេលដែលខ្ញុំឮអាធីនិយាយដូច្នេះខ្ញុំដេកងថ្ងាសគិតមួយសន្ទុះហើយក៏ប្រាប់ទៅអាធីវិញថា ខ្ញុំនឹងទៅជាមួយដែរ។ លុះស្អែកឡើងពេលព្រះអាទិត្យលិចផុតទៅ យើងក៏បញ្ចប់ការងារជីកប្រឡាយដែរ។ ខ្ញុំបានទៅលាងដៃ លាងជើងនៅឯមាត់ត្រពាំង។ ខ្ញុំស្រាប់តែឮសម្រឹបយើងមនុស្សដើរមកពីខាងក្រោយហើយនិយាយថា តោះអាសឿន! ។ (នៅមានត)


ចែករំលែក៖