ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តបាត់ដំបង ណែនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមបន្ទាត់ព្រំដែន បន្តយកចិត្តទុកដាក់ ពង្រឹង និងបង្រ្កាបអំពើជួញដូរមនុស្ស

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានណែនាំដល់អាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅតាមបន្ទាត់ព្រំដែន បន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ពង្រឹង និងបង្រ្កាបអំពើជួញដូរមនុស្សគ្រប់រូបភាព គ្រប់ទម្រង់ និងគ្រប់បទល្មើសខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។

លោក អភិបាលខេត្ត បានលើកឡើងបែបនេះនាឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ ធ្នូ ២០២៤ លើកទី១៨ ក្រោមប្រធានបទ «កម្ពុជា ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ក្រុមប្រឹក្សាខេត្ត លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាល លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកស្រីប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត លោក លោកស្រីអភិបាល អភិបាលរង គ.ក.ស.ក ក្រុង ស្រុក កងកម្លាំងទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សប្រមាណ ៥០០នាក់ បានចូលរួមដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ការប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» មានគោលបំណងបង្ហាញពីឆន្ទៈមោះមុតរបស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលនៅតែបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបុព្វជិតគ្រប់និកាយសាសនា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឱ្យមានការយល់ដឹង ដើម្បីសហការចូលរួមបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសថ្មីៗ លើគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។

ឆ្លៀតក្នុងឧកាសនេះ លោក សុខ លូ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ គ្រប់ប្រភេទ រួមមានបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងការបន្តពង្រឹង ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ រូបភាពនៃ អំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬ កេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក៏មានបទល្មើសរត់ពន្ធ ឬ ជួញដូរទារកឆ្លងដែន ដែលនេះជាកង្វល់ ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បាននឹងកំពុងតែដាក់វិធានការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាប ឱ្យបានទាន់ពេលវេលា ។

លោក បានបន្តណែនាំដល់អាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅតាមបន្ទាត់ព្រំដែន សូមបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ពង្រឹង បង្រ្កាប អំពើជួញដូរមនុស្ស ខុសច្បាប់ គ្រប់រូបភាព គ្រប់ទម្រង់ និងគ្រប់បទល្មើសខុសច្បាប់ក្នុងប្រទេស តាមតួនាទីភារកិច្ចអោយបានល្អ និងខិតខំផ្សព្វផ្សាយ ពន្យល់ណែនាំ បងប្អូនប្រជាពលអោយបានយល់ច្បាស់ពីបញ្ហានេះជៀសវាងចាញ់ឧបាយកលជនទុច្ចរិតតាមរូបភាពផ្សេងៗ។

 លើសពីនេះ លោក បានបន្តមានប្រសាសន៍ ពន្យល់ដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្ស យុវជន ចូលរួមផ្សព្វផ្សាយទាំងអស់គ្នាដើម្បីរួមចំណែកទប់ស្កាត់អំពើជួញដូរមនុស្ស និងបទល្មើសខុសច្បាប់ផ្សេងៗ ព្រមទាំងរួមគ្នាលុបបំបាត់អំពើអសន្តិសុខ លុបបំបាត់ក្មេងទំនើង ជៀសឆ្ងាយពីគ្រឿងញៀន ដើម្បីសង្គមជាតិយើងមានសុខសន្តិភាព ស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖