ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបំភ្លឺព័ត៌មានរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ ឆ្លើយតបនឹងការចុះផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះអង្រុត, អវតារ.ស

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ រដ្ឋបាលខេត្ត​ពោធិ៍សាត់​ នៅព្រឹកថ្ងៃ​សុក្រ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ឆ្លើយតបនឹងការចុះផ្សាយនៅលេីបណ្ដាញសង្គមហ្វេសបុក​ថា៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ មានការចុះផ្សាយរបស់គណនីហ្វេសបុកឈ្មោះអង្រុត, អវតារ ស. និងហ្វេសបុកមួយចំនួនតូច ធ្វើការវាយប្រហារមកលើលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ពាក់ព័ន្ធនឹង សេចក្តីជូនដំណឹងផ្អាកជាបណ្តោះអាសន្នការបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២ ចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ រហូតដល់មានភ្លៀងធ្នាក់វិញ។

ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ប្រជាកសិករ និងបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានជ្រាបថា៖​ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ គឺជា ការគិតគូរខ្ពស់របស់លោក ខូយ រីដា អភិបាលខេត្ត ចំពោះផលប្រយោជន៍ប្រជាកសិករ ក្នុងគោលបំណងផ្តល់ ដំណឹងជាមុនអំពីលទ្ធភាពទឹកមិនអាចធានាផ្គត់ផ្គងស្រូវរដូវប្រាំងលើកទី២បាន ជៀសវាងបង់ការខូតខាតនូវ កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងថវិកា ដោយសារការបង្កបង្កើនផលរបស់ប្រជាកសិករយើងបច្ចុប្បន្នមានការកើនឡើងយ៉ាងច្រើនលើសលប់ លើសផែនការឆ្នាំ។

រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការបដិសេធការចុះផ្សាយអគតិ និងវាយតម្លៃតែក្នុងន័យអវិជ្ជមាន មាន ចេតនាទុច្ចរិត ក្នុងគោលបំណងដើម្បីបំពេញមហិច្ឆតាដ៏ខ្មៅកខ្វក់របស់ខ្លួនដែលសង្គមជាតិស្អប់ខ្ពើមជាទីបំផុត។ រដ្ឋបាលខេត្តពោធិ៍សាត់ ចាត់ទុកថាការចុះផ្សាយរបស់គណនីហ្វេសបុកឈ្មោះអង្រុត, អវតារ ស. និងហ្វេសបុក មួយចំនួនតូចខាងលើនេះ ក្នុងគោលដៅបំបែកបំបាក់ និងញុះញង់ប្រជាពលរដ្ឋឱ្យស្អប់ខ្ពើមថ្នាក់ដឹកនាំ និងមន្ត្រី របស់រាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់, រុញបងប្អូនប្រជាកសិករឱ្យខាតបង់ក្នុងការបង្កបង្កើនស្រូវរដូវប្រាំងលើកទី២ រួចបន្ទោសរាជរដ្ឋាភិបាល ដើម្បីកេងចំណេញខាងនយោបាយ បំពេញមហិច្ឆតាពិសពុលរបស់ពួកជ្រុលនិយម មួយក្តាប់តូច, គ្មានការថ្លឹងថ្លែងសោះអំពីប្រយោជន៍ និងការខាតបង់ របស់ប្រជាកសិករ បែរជាយកការគិតគូរ ចំពោះផលប្រយោជន៍ប្រជាកសិករទៅជាការវាយប្រហារ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នលោកកំពុងមមាញឹកក្នុងការយកចិត្តទុកដាក់ដឹកនាំអភិវឌ្ឍន៍ខេត្តមួយនេះឱ្យកាន់តែរីកចម្រើនស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាកសិករយើង ដែល ជានិច្ចកាល ពុំដែលយកពេលវេលាទៅស្តាប់ព័ត៌មានដែលញុះញង់ឱ្យមានការបែកបាក់ផ្ទៃក្នុង បែរទៅជាការប្រើ ប្រាស់ពេលវេលាដ៏មានតម្លៃទាំងអស់នេះ ទៅធ្វើការថែទាំដំណាំស្រូវ ដែលបានធ្វើរួចដើម្បីប្រមូលផលក្រោមម្លប់ នៃសន្តិភាព។​ អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាកសិករទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

ដោយ​៖ តារា​


ចែករំលែក៖