មន្ត្រីជានខ្ពស់រុស្ស៊ីមួយរូបបានបញ្ជាក់ថា កម្លាំងទាហានអ៊ុយក្រែន នឹងបង្កើនសកម្មភាពវាយប្រហារទៅលើតំបន់ Donetsk និង Luhansk នៅយប់ថ្ងៃទី២១ខែកុម្ភៈ។
លោក Viktor Vodolatsky អនុប្រធានទីមួយនៃគណៈកម្មការសភាជាតិរុស្ស៊ីទទួលបន្ទុកសហគមន៍ប្រទេសឯករាជ្យ និងទំនាក់ទំនងជាមួយប្រទេសអតីតសហភាពសូវៀតបានលើកឡើងថា កម្លាំងទាហានអ៊ុយក្រែននឹងបើកការវាយប្រហារទៅលើទីតាំងរបស់ក្រុមស្វ័យភាពនៅទីក្រុង Luhansk និង Dodetsk ហើយការវាយប្រហារអាចនឹងធ្វើឡើងនៅយប់នេះតែម្តង។
ស្ថានភាពនៅតាមបណ្តោយព្រំដែនភាគខាងកើតប្រទេសអ៊ុយក្រែនកាន់តែអាក្រក់ទៅៗ ខណៈដែលសាធារណរដ្ឋប្រជាជន Luhansk និង Dodetsk ចោទប្រកាន់កម្លាំងទាហាន អ៊ុយក្រែនបើកការវាយប្រហារ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែននោះផងដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានឯកភាពជាគោលការណ៍ថានឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដរាបណាទីក្រុងមូស្គូ មិនប្រើកម្លាំងយោធាវាយអ៊ុយក្រែន។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ, អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តបន្តស្វែងរកដំណោះស្រាយការទូត រហូតទាល់តែដល់វិនាទីចុងក្រោយ… ហើយលោកប្រធានាធិបតី បៃឌិន បានទទួលយកគោលការណ៍មួយ ដោយនឹងជួបជាមួយលោកប្រធានាធិបតី ពូទីន ប្រសិនបើរុស្ស៊ីមិនឈ្លានពានអ៊ុយក្រែននោះ»។
មកទល់នឹងពេលនេះ, រុស្ស៊ីនៅតែបដិសេធថាខ្លួនមិនមានផែនការប្រើកម្លាំងយោធាវាយប្រហារលើប្រទេសណាមួយនោះទេ ប៉ុន្តែបណ្ដាប្រទេសលោកខាងលិច ជាពិសេស សហរដ្ឋអាមេរិកបន្តចោទប្រកាន់ថារុស្ស៊ីអាចនឹងឈ្លានពានអ៊ុយក្រែន នៅប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្ដាហ៍ខាងមុខនេះ៕ ដោយ៖ សាធី
រូបថត៖Reuters