អូស្ត្រាលីបានបើកព្រំដែនទទួលអ្នកទេសចរបរទេសជាលើកដំបូង ក្រោយរយៈពេលជិតពីរឆ្នាំបានបិទទ្វារ ។ ការសម្រេចខាងលើបានផ្តល់ភាពសប្បាយរីករាយដល់ការជួបជុំគ្រួសារ និងជំរុញវិស័យទេសចរណ៍ឱ្យមានការរីកចម្រើនឡើងវិញ។
អូស្ត្រាលីបានបិទវិស័យទេសចរណ៍ តាំងពីខែមីនាឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ពលរដ្ឋអូស្ត្រាលីនិងប្រទេសមួយចំនួនទៀតត្រូវបានអនុញ្ញាតឱ្យចូលក្នុងទឹកដីអូស្ត្រាលីតាំងពីចុងឆ្នាំ២០២១ ប៉ុន្តែជនបរទេសនឹងត្រូវរង់ចាំការចេញច្បាប់ថ្មីស្តីពីការទប់ស្កាត់កូវីដ-១៩។
ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានផ្សាយថា ប្រទេសអូស្ត្រាលី នៅថ្ងៃទី២១ខែកុម្ភៈបានបើកព្រំដែនអន្តរជាតិរបស់ខ្លួនឡើងវិញទាំងស្រុង ដើម្បីទទួលស្វាគមន៍អ្នកដំណើរ និងភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងបង្ការពេញលេញ បន្ទាប់ពីបានបិទព្រំដែនជិត២ឆ្នាំមកនេះ ដោយសារតែ COVID-19។
ជើងហោះហើរអន្តរជាតិច្រើនជាង ៥០ជើង នឹងធ្វើដំណើរមកដល់ប្រទេសអូស្ត្រាលីពេញមួយថ្ងៃចន្ទនេះ ក្នុងនោះរួមមានទាំងជើងហោះហើរចំនួន២៧ ដែលនឹងត្រូវចុះចតនៅទីក្រុងស៊ីដនី ខណៈដែលវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចកំពុងងើបឡើងវិញ ក្រោយរងការខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបង្កឡើងដោយវិធានការរឹតត្បិតប្រឆាំង COVID-19 ។
ភ្ញៀវទេសចរចាប់ផ្ដើមធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីជាបណ្ដើរៗហើយ រីឯមនុស្សរាប់រយនាក់ក៏បានជួបជុំគ្រួសារនិងមិត្តភក្តិរបស់ពួកគេដែរ។ វិស័យទេសចរណ៍គឺជាប្រភពចំណូលមួយដ៏សំខាន់ដោយមានទំហំទឹកប្រាក់ប្រហែល ៤៣ពាន់លានដុល្លារ និងបង្កើតការងារ៥ភាគរយនៃការងារទាំងអស់នៅក្នុងប្រទេស៕ ដោយ៖ សាធី
រូបថត៖Getty