ព័ត៌មានទាន់ហេតុការណ៍៖

បងធម៌ប្អូនធម៌២នាក់ទាស់សម្ដីគ្នាក្នុងវង់ផឹកស្រា.ស រហូតក្លាយជាហិង្សាបង្ហូរឈាម

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង កំពុងមមាញឹកបន្តនីតិវិធី លើជនសង្ស័យដៃដល់ បន្ទាប់កាប់គូរទំនាស់បណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយផ្ទុះហិង្សាក្នុងវង់ផឹកស្រា.សនៅក្នុងចម្ការក្រូចមួយកន្លែង ។

 ហេតុការណ៍ហិង្សាកាប់គ្នាបណ្ដាលឲ្យរងរបួសខាងលើ បានកើតឡើងនៅវេលាម៉ោង៧ និង០០នាទី យប់ថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចចម្ការក្រូច ក្នុងចម្ការមួយកន្លែង ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

 លោក វរៈសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនសង្ស័យដៃដល់ត្រូវបានឃុំខ្លួន ឈ្មោះ ពៅ កុសល ហៅអាចៃ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុច និងភូមិ.ឃុំកើតហេតុ ។ចំណែកជនរងរបួស ឈ្មោះ កុត សុខនី ហៅនី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុច និងភូមិ.ឃុំកើតហេតុជាមួយគ្នា ជនសង្ស័យដៃដល់ និងជនរងរបួសជាកម្មករចាំចម្ការ ជា(បងធម៌ប្អូនធម៌នឹងគ្នា)។

 លោក ធាង ឡេង អធិការនគរបាលបន្តទៀតថា តាមចម្លើយជនសង្ស័យ(ពៅ កុសល ហៅអាចៃ)មុនកើតហេតុខ្លួន និងប្អូនធម៌(កុត សុខនី ហៅនី)បានបបួលគ្នាទៅទាមលក់ស្រា.សមួយកន្លែងនៅក្បែរនោះ នាំគ្នាផឹកស្រាសអស់១លីត្រកន្លះស្រវឹងរៀងៗខ្លួន គ្រានោះ(សុខនី)ចេះតែជេខ្លួន ខ្លួន(កុសល)បានវាយដោយដៃបែបលេងទេ ខណៈនោះ(សុខនី)បានយកកាំបិតផ្គាក់ដេញកាប់ខ្លួន ប៉ុន្តែរូបគេបានចាប់កាំបិតបានក៏ដើរទៅខ្ទមចាំចម្ការក្រូចវិញ សុខនីបានពូថៅដេញកាប់ខ្លួនទៀតទោះជាមានអ្នកឃាត់ក៏មិនស្ដាប់ ខ្លួន(កុសល)ទ្រាំពុំបានក៏កាប់វិញតែម្ដង បណ្ដាលឲ្យរងរបួស២កន្លែងស្លាបប្រចៀវខាងឆ្វេង និងជើងខាងស្ដាំ ។

 លោក អធិការបញ្ជាក់ទៀតថា បច្ចុប្បន្ន ជនសង្ស័យដៃដល់(ពៅ កុសល ហៅអាចៃ)កំពុងបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ចំណែកជនរងរបួស(កុត សុខនី ហៅនី)បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ភ្លាមៗក្រោយកើតហេតុ ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖