ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសលុបរាល់វិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩ អាមេរិកមានករណីឆ្លងនៅសល់តែជាង១ម៉ឺននាក់ប៉ុណ្ណោះ

ចែករំលែក៖

នៅថ្ងៃទី ២១ខែកុម្ភៈ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រកាស លុបរាល់វិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររស់នៅជាមួយកូវីដ-១៩ ។
ការប្រកាសរបស់នាយករដ្ឋមន្ត្រីលោក បូរីស ចនសិន ក្រោយមួយថ្ងៃដែលព្រះមហាក្សត្រីអាលីហ្សាប៊ែត ទីពីរ (Elizabeth II) ធ្វើតេស្តវិជ្ជមានកូវីដ-១៩ ប៉ុន្តែមានកម្រិតស្រាលតែប៉ុណ្ណោះ មិនបង្កគ្រោះថ្នាក់នោះឡើយ។
គម្រោងបើកទ្វាររបស់អង់គ្លេស ត្រូវបានពិភាក្សាជាច្រើនសប្តាហ៍កន្លងមក ទើបសម្រេច ក្រោយករណីឆ្លងកូវីដ-១៩ មានសញ្ញាថយចុះ។ អង់គ្លេសក្លាយទៅជាប្រទេសធំនៅតំបន់អឺរ៉ុប អនុញ្ញាតឲ្យអ្នកវិជ្ជមានកូវីដ-១៩ ដើរហើយធម្មតា ទៅហាង ធ្វើដំណើរតាមរថយន្តក្រុង ទៅធ្វើការ ដូចជាអ្នកដទៃផ្សេងទៀត ។ សកម្មភាពខាងលើកើតឡើងក្រោយអង់គ្លេសចាក់វ៉ាក់សាំង បានជាង ៨១%ហើយ សម្រាប់ដូសជំរុញ។
ចំណែកនៅក្នុងទឹកដីអាមេរិកវិញ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានករណីឆ្លងកូវីដ-១៩ ធ្លាក់ចុះនៅសល់តែ ១៥,០៥៦នាក់ប៉ុណ្ណោះ ខណៈអ្នកជំងឺ ២៨២នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨០,០៨៧,៦១៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩៥៩,៤១២នាក់ និងជាសះស្បើយឡើងសរុបជាង ៥១.៦៧លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានថ្លែងកាលពីចុងសប្តាហ៍មុននេះថា ការប្រកាសភាពអាសន្ននៅទូទាំងប្រទេស ដែលត្រូវបានដាក់ចេញកាលពីខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 នឹងត្រូវបន្លាយពេលរហូតដល់ក្រោយថ្ងៃទី០១ ខែឧសភា ខាងមុខនេះ ដោយសារតែហានិភ័យសុខាភិបាល បង្កឡើងដោយជំងឺមួយនេះ៕ដោយ៖ សាធី

រូបថត៖CNN


ចែករំលែក៖