ខេត្តបាត់ដំបង៖ គ្រោងឆ្អឹងសាកសពមនុស្សម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញមានតែគ្រោងឆ្អឹងនៅក្នុងបាតល្អាងភ្នំ ខណ:ពួកគេនាំគ្នាធ្វើជណ្តើរចុះទៅដើម្បីប្រមូលយកអាចម៍ប្រចៀវលក់។
ហេតុការណ៍ភ្ញាក់ផ្អើលប្រទះឃើញគ្រោងឆ្អឹងខាងលើនេះ កើតឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចក្នុងល្អាងភ្នំឈូងស្វាយ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋបានអោយដឹងថា ល្អាងភ្នំខាងលើនេះកន្លងមកគ្មានអ្នកណាម្នាក់ចុះទៅដល់ទេ ដោយសារវាជ្រៅ ហើយងងឹត នេះដោយសារតែពលរដ្ឋចង់បានអាចម៍ប្រចៀវយកមកប្រើប្រាស់និងលក់ទើបនាំគ្នាវ៉ៃឈើធ្វើជណ្តើរដើម្បីចុះទៅបាតល្អាង ក៏បានប្រទះនិងគ្រោងឆ្អឹងមនុស្សនេះតែម្តង។
ក្រោយពីប្រទះឃើញនិងរាយការណ៍ជូនសមត្ថកិច្ច ភ្លាមនោះកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងកោសល្យវិច័យ ក៏បានចុះទៅពិនិត្យនិងផ្គុំ រូបរាងរួចមក ក៏បានសន្និដ្ឋានថា សពមនុស្សម្នាក់នេះស្លាប់ដោយជាប់ចំណង ហើយរយ:ពេលនៃការស្លាប់គឺអាចក្នុងរបបខ្មែរក្រហម ឬក៏ក្នុងអំឡុងឆ្នាំ១៩៧៩ ព្រោះមិនមែនស្លាប់ក្នុងចន្លោះពី១០ ឬ២០ ឆ្នាំនេះទេ។
បច្ចុប្បន្នគ្រោងឆ្អឹងទាំងនេះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយទីវត្តអារ៉ាមដែលនៅក្បែរនោះ ធ្វើការបូជាហើយ ដើម្បីអោយព្រលឹងសពបានស្ងប់ស្ងាត់៕
ដោយ៖ចន្ទ លីហ្សា