(តពីលេខមុន)
៣- គ្រឿងបូជាធ្វើដោយស្រូវ:
គេប្រើបូជាស្រូវអង្ករ ឬបាយក៏មាន ហើយការចម្អិនបាយក៏មានច្រើនបែបទៀត។ ការបូជាអង្ករដូចជាអង្ករជ័យមានអង្ករ ១ ចានមានទៀនមួយដោតចំកណ្ដាលអង្ករ និងលុយ ៥សេនដាក់ជុំវិញទៀននោះ ។
៤- គ្រឿងបូជាដោយសត្វ:
កាលសម័ុបុរាណ គេនិយមសម្លាប់សត្វបូជាទាំងមូលដូចជាគោ.ជ្រូក.មាន់ ឬផ្នែកខ្លះរបស់មាន់។ ដូចនៅពេលសែនព្រេនបញ្ចេរខ្មោចព្រាយ គេតែងបូជាមាន់ឆ្កាង គឺមាន់ដែលគេពុះទ្រូងហើយយកទៅលាតចំកាងសន្ធឹងដោយដោតនឹងចម្រៀកឫស្សីស្រួចពីរចងដាក់ខ្វែងគ្នា។ គេអាចយកឈើឬស្លឹកត្នោតមកឆ្លាក់ធ្វើជារូបសត្វទាំងនោះក៏បានឬក៏យកដីឥដ្ឋមកសូន ជំនួសសត្វរស់ក៏បានហើយគេបូជានៅពេលស្រុកកើតជំងឺអសន្នរោគជាដើមដែលរាតត្បាតចំពោះមនុស្សឬសត្វដើម្បីបន់ស្រន់ឲ្យបានសេចក្តីសុខសប្បាយ ។
៥-គ្រឿងក្រយាបូជា:
ក្រយាបូជាតែងតែដាក់ក្នុងស្ពកក្នុងថាសហើយក្នុងមួយថាសៗមានបាយ ៥ ចាន ឬថាបាយ១ថាស ឬ១ ស្ពក សម្ល១ថាស ឬ១ស្ពក បង្អែម ១ ថាស ឬ១ស្ពកជាដើម។ ចំណែកនំនែកដែលធ្វើអំពីអង្ករដំណើបវិញនោះ មានទំនៀមប្រើផ្សេងគ្នាតាមការកំណត់។ ការបូជាស្លា.ម្លូបារី.ក៏គេច្រើនដាក់តែ ៥ ៗ ដូច្នោះដែរ។
៦-ឆ័ត្ររួត-ឆ័ត្រ និងទង់:
ទង់នេះជួនកាលមានវែងច្រើនម៉ែត្រ ដែលធ្វើដោយព្រែពណ៌យ៉ាងស្រស់ ឬដោយសំពត់ស(ដូចទង់ព្រលឹងប្រើនៅពេលមានមនុស្សស្លាប់)។ អ្នកខ្លះយកលុយសេនមកក្រងនិងអំបោះធ្វើជាទង់ក៏មាន។ អ្នកខ្លះទៀតយកក្រដាសមកកាត់ធ្វើជារាងទង់តូចប៉ុន២ ឬ៣ធ្នាប់ក៏មាន។ យកក្រដាសពណ៌មកកាត់ធ្វើជាឆ័ត្ររួតក៏មាន។ ឆ័ត្ររួតដែលធ្វើដោយក្រដាសចម្រុះពណ៌ផ្សេងៗគេសន្មត់ទុកជានិមិត្តរូបថា ទេវតាបានអញ្ជើញមកសណ្ឋិតនៅចំពោះមុខហើយ ។ បើជាពិធីបូជាចំពោះស្ដេចក្រុងពាលីដែលជាម្ចាស់ទឹកដីវិញ ត្រូវមានក្លស់ឬឆ័ត្រមួយបាំងពីលើសំណែនឬដង្វាយទាំងអស់នោះផង។
៧-សំណែន ឬបូជាដង្វាយផ្សេងៗ:
សំណែនឬដង្វាយដទៃទៀតមានទឹកអប់ សំពត់អាវឆ្វេងស្ដាំ ជាដើមត្រូវការប្រើជាញឹកញាប់ណាស់។ប៉ុន្តែចំពោះសំណែនឬដង្វាយខ្លះដូចជាផ្កា”បិណ្ឌ” ត្រូវប្រើមានកំណត់គឺប្រើតែនៅរដូវបិណ្ឌបណ្ណោះ។ ជួនកាលត្រូវរៀបសំណែនតម្រូវតាមចិត្តអ្នកតា ឬបង់បត់ផង គឺថា បើអ្នកតាចូលចិត្តផ្កាក្រហមក្នុងសំណែននោះត្រូវមានផ្កាក្រហម។ល។
៨-ភ្លេង :
ខ្មែរយើងចូលចិត្តនិយមហៅភ្លេងពិណពាទ្យថាភ្លេងសៀម ហៅភ្លេងដែលប្រើលេងនៅពេលរៀបមង្គលការ និងលេងនៅពេលបញ្ជាន់អារក្សថា”ភ្លេងខ្មែរ” ។ ប៉ុន្តែតាមការពិត គឺភ្លេងទាំងពីរប្រភេទនេះជាភ្លេងខ្មែរទាំងអស់ ហើយខ្មែរយើងប្រើភ្លេងទាំងពីរមុខនេះជាដង្វាយដែរ។ ភ្លេងពិណពាទ្យច្រើនប្រើតែសម្រាប់លេងល្ខោនព្រះរាជទ្រព្យ និងលេងនៅពេលធ្វើពិធីធំៗ។
ឯភ្លេងខ្មែរវិញ គេច្រើនប្រើនៅស្រុកស្រែចម្ការសម្រាប់ពួករាស្រ្តប្រជា។ ភ្លេងខ្មែរមានស្គរដី ឬក៏អារក្ស១ ឬ ២ ទ្រខ្សែបី១ ចាប៉ី ១ ប៉ីពក១ ប៉ីអ ១ ស្រឡៃ១ ឬខ្លុយ១ ។ ខ្លុយនេះ គេធ្វើដោយឬស្សីពកមានអណ្ដាតធ្វើដោយស្លឹកត្នោត។
ស្គរអារ័ក្ស គឺជាស្គរដែលប្រើក្នុងវង់ភ្លេងខ្មែរនេះឯង។ ស្គរនេះធ្វើដោយដីទើបអ្នកខ្លះហៅថាស្គរដីពាសដោយស្បែកថ្លាន់ ហើយច្រើនប្រើនៅពេលលៀងអារ័ក្សផង។ តាមទំនៀមរបស់ភ្លេងបទនីមួយៗត្រូវលេង៣សា”៣បទ”។(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត