ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តក្នុងល្បឿនលឿនធ្វើឱ្យជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងពីក្រោយជិះដោយប្ដីប្រពន្ធពីរនាក់បណ្ដាលឱ្យរងរបួសស្រាល ហេីយរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវទេបានព្យាយាមបើករត់រហូតរេចង្កូតទៅបុកចូលផ្ទះបោកអ៊ុតរងការខូចខាតបាក់ជញ្ចាំងផ្ទះមួយចំហៀងនិងសម្ភារមួយចំនួន បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងទ្រា៤ ត្រង់ចំណុចទីស្នាក់ការទ្រា៤ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញប្ដីប្រពន្ធពីរនាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HW-8717 ជិះឌុបគ្នាពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តLEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2I -6665 បើកដោយបុរសម្នាក់សង្ស័យស្រវឹងបានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឱ្យម៉ូតូនិងប្ដីប្រពន្ធប៉ើងខ្ទាតទៅលើចិញ្ចើមផ្លូវ តែសំណាងល្អដែរដោយគ្រាន់តែរងរបួសស្រាល ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ គឺបានព្យាយាមបើករត់បានប្រមាណ៥០ម៉ែត្រក៏រេចង្កូតបុកចូលផ្ទះបោកអ៊ុតបណ្ដាលឱ្យសម្ភារក្នុងផ្ទះរប៉ាតរប៉ាយនិងបាក់ជញ្ជាំងមួយផ្ទាំងខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានឱ្យភាគីខាងរថយន្តបង្កធ្វេីការសម្របសម្រួលគ្នាជាមួយជនរងគ្រោះម្ចាស់ម៉ូតូ ដោយភាគីរថយន្តបង្កព្រមផ្ដល់សំណង៥០ដុល្លារទៅឱ្យភាគីខាងម៉ូតូដើម្បីបញ្ចប់រឿង និងព្រមជួសជុលរបងផ្ទះឲ្យទៅម្ចាស់ផ្ទះដេីម្បីបញ្ចប់រឿងផងដែរ ៕
ដោយ ៖ ភារ៉ា ដង្កោ