ខេត្តតាកែវ ៖ យ៉ាងហោចណាស់ក៏មានមនុស្សរងរបួសធ្ងន់ពីរនាក់ដែរនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងរវាងរថយន្តនឹងម៉ូតូក្នុងទិសដៅស្របគ្នា។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨ និង៣៥នាទីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ស្ថិតនៅលើដងផ្លូវជាតិលេខ១២២ ក្នុងភូមិភ្នំតូច ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។ សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងរវាងរថយន្តនឹងម៉ូតូដែលបើកក្នុងទិសដៅស្របគ្នាពីកើតទៅលិច បង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2A-69 91បើកមកពីទិសខាងកើតទៅលិច អ្នកបើកបរមិនស្គាល់មិនស្គាល់អត្តសញ្ញាណឡើយ ព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់។ រថយន្តនេះបានបុកជាមួយនឹងម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ពាក់ស្លាកលេខកណ្ដាល1G – 6698ដែលបើកមកពីទិសខាងលិចទៅទិសខាងកើតដោយឈ្មោះធឿន ស្រីពេជ្រ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ រងរបួសធ្ងន់ និងអ្នករួមដំណើរជាមួយឈ្មោះហុង ណាវី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ រងរបួសធ្ងន់។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថាករណីគ្រោះថ្នាក់ខាងលើនេះគឺមកពីរថយន្តបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យនិងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកស្រុក រួចធ្វើការវាស់វែងនិងយកវត្ថុតាងបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធី៕
ដោយ៖ ស សម