ព័ត៌មានទាន់ហេតុការណ៍៖

អារ៉ាប់ប៊ីសាអ៊ូឌីត៖ យន្តហោះគ្មានមនុស្សបើកវាយប្រហារអាកាសយានដ្ឋានទីក្រុងJazan

ចែករំលែក៖

កាលពីថ្ងៃទី២១ខែកុម្ភៈ សម្ព័ន្ធយោធា ដឹកនាំដោយអារ៉ាប៊ីសាអូ៊ឌីត បានប្រកាសថា មានមនុស្ស ១៦នាក់រងរបួសក្នុងពេលយន្តហោះគ្មានមនុស្សបើកវាយប្រហារអាកាសយានដ្ឋានក្នុងទីក្រុង Jazan ។ យន្តហោះគ្មានមនុស្សបើកនោះបញ្ជាដោយក្រុមឧទ្ទាមហ៊ូធីនៅក្នុងប្រទេសយេម៉ែន។ នេះជាការវាយប្រហារលើកទីពីរហើយទៅលើអាកាសយាន្ឋានរបស់អារ៉ាប់ប៊ីសាអ៊ូឌីត ក្នុងរយៈពេល ២សប្តាហ៍កន្លងមក។
សារព័ត៌មាន Saudi Arabia បានផ្សាយថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានបាញ់រ៉ុក្កែតទៅលើអាកាសយានដ្ឋាន King Abdullah ស្ថិតនៅតំបន់ Jazan ប៉ុន្តែរ៉ុក្កែតក៏ត្រូវប្រព័ន្ធការពារបាញ់កម្ទេចបង្កឱ្យមានបំណែកជាច្រើនធ្លាក់មកលើអាកាសយានដ្ឋាន។ តាមការប្រកាសរបស់កម្លាំងទាហាន អារ៉ាប់ប៊ីសាអូ៊ឌីតបានឱ្យដឹងថា មានមនុស្ស១៦នាក់រងរបួសដែលជាអ្នកដំណើរមានសញ្ជាតិផ្សេងៗគ្នា។
កាលពីថ្ងៃទី១០ខែកុម្ភៈ កម្លាំងទាហានក្រុមហ៊ូធីនៅក្នុងប្រទេសយេម៉ែនបានវាយប្រហារទៅលើអាកាសយានដ្ឋានអន្តរជាតិ Abha ស្ថិតនៅភាគខាងត្បូងប្រទេសអារ៉ាប់ប៊ីសាអូ៊ឌីតបណ្តាលឱ្យយន្តហោះដឹកអ្នកដំណើរស៊ីវិលមួយគ្រឿងឆាបឆេះ។ ករណីវាយប្រហារនៅពេលនោះបណ្តាលឱ្យមនុស្ស ១២នាក់រងរបួសផងដែរ។
យេម៉ែនបានធ្លាក់នៅក្នុងសង្គ្រាមស៊ីវិលតាំងពីឆ្នាំ២០១៤មក ក្រោយក្រុមហ៊ូធីដណ្តើមគ្រប់គ្រងបណ្តាខេត្តនៅភាគខាងជើងប្រទេសនេះបង្ខំឱ្យរដ្ឋាភិបាលរបស់ប្រធានាធិបតី Abd-Rabbu Mansour Hadi ដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិត្រូវភៀសខ្លួនចេញពីទីក្រុង ។ នៅឆ្នាំ២០១៥ សម្ព័ន្ធមិត្តអារ៉ាប់ដឹកនាំដោយអារ៉ាប់ប៊ីសាអូ៊ឌីត ជួយដល់ប្រធានាធិបតីដើម្បីវាយប្រហារទៅលើក្រុមឧទ្ទាមហ៊ូធី៕ ដោយ៖ សាធី

រូបថត៖AFP/VNA

 

 


ចែករំលែក៖