ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន៖​ ប្រតិកម្មចំពោះក្រុមអ្នកវិភាគ ដែលមិនស្គាល់ប្រទេសខ្លួនឯងមួយចំនួន ចំពោះការលើកឡើងថា កំពង់ផែទឹកជ្រៅព្រះសីហនុ អាចក្លាយជាអន្ទាក់បំណុលរបស់ចិន ដូចកំពង់ផែស្រីលង្កា

ចែករំលែក៖

ភ្នំពេញ​៖​ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងនូវការប្រតិកម្មចំពោះក្រុមអ្នកវិភាគ ដែលមិនស្គាល់ប្រទេសខ្លួនឯងមួយចំនួន ចំពោះការលើកឡើងថា កំពង់ផែទឹកជ្រៅព្រះសីហនុ អាចក្លាយជាអន្ទាក់បំណុលរបស់ចិន ដូចកំពង់ផែស្រីលង្កា។​ មូលហេតុដែលសម្ដេចតេជោ​ ថ្លែងបែបនេះ ខណៈដែល​អ្នកវិភាគនេះមិនស្គាល់ខ្លួនឯង ដោយសារកំពង់ផែនេះជួយសាងសង់ដោយជប៉ុន មិនមែនចិននោះទេ។ 

មិនតែប៉ុណ្ណោះ​ ក្រៅពីហួសចិត្តចំពោះក្រុមអ្នកវិភាគនេះ​ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖​ ក្រុមអ្នកវិភាគដែលមិនស្គាល់គ្រប់ជ្រុងជ្រោយ ឬមិនស្គាល់ច្បាស់ពីប្រទេសខ្លួនឯងនេះ អន់ជាងសត្វតិរច្ឆានទៅទៀត ព្រោះសត្វតិរច្ឆានស្គាល់សំបុករបស់វាច្បាស់ណាស់ តែក្រុមអ្នកវិភាគនេះ មិនស្គាល់សូម្បីប្រទេសខ្លួន។

ជាក់ស្ដែង​ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ត្រូវបានរ៉ាប់រង និងទទួលខុសត្រូវ និងការជួយទំនុកបម្រុងពីរដ្ឋាភិបាលជប៉ុន អញ្ជឹងទេខ្ញុំមិនគិតថា អ្នកដែលបាននិយាយថា អន្ទាក់បំណុលរបស់ចិនលើបញ្ហាកំពង់ផែព្រះសីហនុ ដូចដែលគេនិយាយប្រៀបធៀបទៅនឹងអន្ទាក់បំណុលរបស់ចិន នៅស្រីលង្ការ វាមិនមែនជាការពិត ព្រោះកំពង់ផែទឹកជ្រៅដែលកំពុងធ្វើពាណិជ្ជកម្មសព្វថ្ងៃនេះ គឺត្រូវរ៉ាប់រងទទួលឲ្យប្រាក់កម្ចី និងជំនួយពីប្រទេសជប៉ុន»។

សម្ដេចតេជោប្រមុខរដ្ឋាភិបាល​ បានថ្លែង​បន្ដថា៖ «ចឹងទេសូមពួកអ្នកវិភាគមួយចំនួនដែលមិនយល់ដឹងអំពីការពិត ឈប់និយាយបំភ័ន្ដសភាពការណ៍ទៅ ព្រោះកំពង់ផែសព្វថ្ងៃដែលកំពុងធ្វើប្រតិបត្តិការដឹកទំនិញចេញចូលនេះ កំពុងតែមានការរួមចំណែក ការកសាងអ្វីៗ តាមរយៈជប៉ុន ហើយជប៉ុនក៏មានទិញភាគហ៊ុនមួយចំនួននៅក្នុងហ្នឹងផងដែរ។ ប៉ុន្ដែពួកគេវិភាគឃើញថា អាចក្លាយទៅជាអន្ទាក់បំណុលរបស់ចិនទៅវិញ គ្រាដែលជប៉ុនអ្នកធ្វើ ជប៉ុនអ្នកជួយ ហេតុអ្វីបានទៅជាអន្ទាក់បំណុលរបស់ចិន។ នេះជាការមួលបង្កាច់ដែលមិនដឹងថា ប្រៀបធៀបក្រុមរបស់គេជាអ្វី ដែលអាចចាត់ទុកជាតិរច្ឆាន ឬទៅផុតតិរច្ឆានទៅទៀត ខណៈដែលសត្វតិរច្ឆានវាស្គាល់សំបុករបស់វា។ ហើយពួកនេះមិនស្គាល់ប្រទេសខ្លួនឯងយ៉ាងមិចផង»។

គួររម្លឹកថា​ គម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនេះ អាចជាចំណតកប៉ាល់ធំ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយការដឹកជញ្ជូនឲ្យមានតម្លៃទាបនាពេលអនាគតផងដែរ។ ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងជំហានទី១ ដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង ២០០លានដុល្លារពីជប៉ុន នឹងចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០២២ និងបញ្ចប់ការសាង់សង់នៅដើមឆ្នាំ២០២៥ ខណៈបច្ចុប្បន្ននេះ សម្រេចបានការគូសប្លង់រួចរាល់ហើយ និងកំពុងដំណើរការដេញថ្លៃ។

នៅពេលដែលកំពង់ផែទឹកជ្រៅនេះ សាងសង់រួចរាល់នៅឆ្នាំ២០២៥ នឹងអាចអនុញ្ញាតឲ្យកប៉ាល់ដែលសមត្ថភាពផ្ទុក កុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រ អាចចូលចតដែលពេលនោះកប៉ាល់ប្រមាណ ៩៣% នៃកប៉ាល់ក្នុងតំបន់អាស៉ី ចូលចតនៅកម្ពុជាបាន ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន ដែលតាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូន អាចចុះជាង ២០០ដុល្លារក្នុងមួយកុងតឺន័រ។

បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចអនុញ្ញាតឲ្យនាវាក្នុងតំបន់អាស៊ីប៉ាស៉ីហ្វិច ចូលបានតែប្រមាណតែ ១៨%ប៉ុណ្ណោះ មានន័យថា ក្នុងចំណោម ១០០កប៉ាល់ អាចចូលចតបានតែ១៨ ឬ ១៩កប៉ាល់ និងអនុញ្ញាតឱ្យនាវាដែលផ្តុកកុងតឺន័រ បានតែ ១៥០០ប៉ុណ្ណោះ៕

ដោយ​៖ស​ តារា​


ចែករំលែក៖