រដ្ឋាភិបាលទីក្រុងប៉េកាំងបានស្នើដល់ពលរដ្ឋចិនដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន ចៀសវាងទៅកាន់តំបន់ដែលមានវិវាទនៅភាគខាងកើត និងរក្សាទុកស្បៀងអាហារ ទឹកផឹក …ក្នុងពេលស្ថានភាពនៅប្រទេសអ៊ុយក្រែនផ្លាស់ប្តូរខ្លាំង ក្រោយពីរុស្ស៊ីបញ្ជូនទាហានទៅរក្សាសន្តិភាពនៅតំបន់ភាគខាងកើត ។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសអ៊ុយក្រែន នៅថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២២ បានស្នើដល់ពលរដ្ឋនិងបណ្តាក្រុមហ៊ុនចិន នៅក្នុងប្រទេសអ៊ុយក្រែនមិនត្រូវប្រថុយនឹងគ្រោះថ្នាក់ទៅកាន់តំបន់ដែលកំពុងតែមានវិវាទនោះឡើយ។ ប៉ុន្តែស្ថានទូតចិនមិនបានស្នើដល់ពលរដ្ឋឱ្យភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែននោះឡើយ ។
នៅក្នុងស្ថានភាពមួយដែលប្រទេសលោកខាងលិចបារម្ភនោះគឺសង្គ្រាមទ្រង់ទ្រាយធំអាចនឹងកើតឡើង ក្រោយពេលប្រធានាធិបតីពូទីនចេញបញ្ជាឱ្យបញ្ជូនទាហានទៅកាន់តំបន់ភាគខាងកើតដើម្បីរក្សាសន្តិសុខនៅយប់ថ្ងៃទី២១ខែកុម្ភៈ ក្រោយពីប្រកាសទទួលស្គាល់ជាតំបន់ឯករាជ្យចេញពីប្រទេសអ៊ុយក្រែន។
ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែននាពេលនេះមិនទាន់មានអ្វីប្រែប្រួលធំដុំនៅឡើយទេ បើទោះបីរុស្ស៊ីបានបញ្ជូនទាហានទៅកាន់តំបន់ Donetsk ក្រោយទទួលស្គាល់ជាតំបន់ឯករាជ្យក៏ដោយ។ បណ្តាប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិកជាដើមក៏មិនទាន់មានប្រតិកម្មអ្វីជាធំដុំទៅលើសកម្មភាពរបស់រុស្ស៊ីនៅឡើយដែរ៕ ដោយ៖ សាធី
រូបថត៖NEWSNPR