ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកទន្លេសាប សង្ស័យលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា

ចែករំលែក៖

      ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានប្រជានេសាទប្រទះឃើញអណ្តែតទឹកទន្លេសាប  ដោយពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយសមត្ថកិច្ចក៏បានចាត់ចែងអូសឡើងច្រាំងដើម្បីត្រួតពិនិត្យ ផងដែរ។

   ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នៅចំណុចទន្លេសាបមុខសាលាបឋមសិក្សាជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

   សពបុរសរូបនោះមានលក្ខណហើមស្អុយមើលលែងស្គាល់ទៅហើយ មានអាយុប្រមាណ៤០ឆ្នាំ ស្លៀកខោពណ៌ខ្មៅ ពាក់អាវយឺតដៃខ្លី ម៉ាកក្រពើ ពណ៌កាគី។

   តាមព័ត៌មានឱ្យដឹងថា នៅវេលាព្រឹកថ្ងៃទី២២ខែកុម្ភៈនេះ គេឃើញសពបានអណ្តែតទឹកនៅក្បែរស្ពានជ្រោយចង្វា ហើយចេះតែរសាត់តាមខ្យល់ទៅទិសខាងត្បូង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចបានជួលជនជាតិអ៊ិស្លាម ឱ្យជួយទាញមកដាក់លើច្រាំងនៅក្រោមស្ពានជ្រោយចង្វាផ្នែកខាងកើតដើម្បី ឱ្យនគរបាលជំនាញចុះទៅត្រួតពិនិត្យ ។នៅក្នុងខ្លួនសពសមត្ថកិច្ចរកឃើញទូរស័ព្ទចំនួន១គ្រឿងតែរកពុំឃើញមានអត្តសញ្ញាណអ្វីឡើយ។

   តាមការត្រួតពិនិត្យសព នគរបាលបច្ចេកទេសបានឱ្យដឹងថា សពបានស្លាប់ដោយសារលង់ទឹកប្រមាណជា២ថ្ងៃមកហើយ។ទោះបីជាយ៉ាងណា សមត្ថកិច្ចមានការសង្ស័យថា សពបានស្លាប់ដោយសារតែលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាកាលពី២ថ្ងៃមុន។សពត្រូវបាននគរបាលបញ្ជូនទៅតម្កល់នៅឈាបនដ្ឋានវត្តឫស្សីសាញ់ដើម្បីបូជានិងស្រាវជ្រាវរកបងប្អូនតាមរយៈលេខទូរស័ព្ទឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖