ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មការទី៧ និងតំណាងគណៈកម្មការពាក់ព័ន្ធ ជួបប្រជុំជាមួយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងសហការី ដើម្បីពិនិត្យ និងតាមដាន «វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុង និងក្រោយវិបត្តិកូវីដ-១៩ »បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅ វិមានរដ្ឋសភា។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងដោយសង្ខេបនូវសកម្មភាពជាអាទិភាពរបស់ក្រសួងដើម្បីឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រែក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅ ឆ្នាំ២០៥០ រួមមានកម្មវិធីកំណែទម្រង់ ក្នុងទិសដៅផលិតធនធានមនុស្ស ដែលនឹងប្រែក្លាយពីសេដ្ឋកិច្ចផ្អែកលើពលកម្ម ទៅជាសេដ្ឋកិច្ចផ្អែកលើសង្គមពុទ្ធិ។ នៅឆ្នាំ២០១៣ ក្រសួងបានដាក់ចេញនូវកំណែទម្រង់៨ចំណុច និងបន្ទាប់ពីបានទទួលទិន្នន័យចេញពីការអនុវត្ត ក្រសួងបានរៀបចំជាកំណែទម្រង់អប់រំផ្អែកលើសសរស្តម្ភចំនួន៥ រួមមាន៖ ១-កម្មវិធីកំណែទម្រង់សាលារៀនគ្រប់កម្រិតសិក្សា ២-កម្មវិធីសាលារៀនជំនាន់ថ្មី ៣-ការលើកកម្ពស់កម្មវិធី អំណាន និងគណិតវិទ្យានៅកម្រិតដំបូង ៤-ការអប់រំនៅដំណាក់កាលកូវីដ-១៩ និង៥-ការលើកកម្ពស់សមត្ថភាពឌីជីថលដល់សិស្សានុសិស្សសម្រាប់សតវត្ស ទី ២១
គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំជាមួយក្រសួងអប់រំ យុវជន និងកីឡា ហើយបានចាត់ទុកថាកិច្ចប្រជុំនេះជាវេទិកា ដ៏មានប្រសិទ្ធភាពមួយក្នុងស្មារតីរួបរួម សហការ និងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុង និងក្រោយវិបត្តិកូវីដ-១៩ និងជាឱកាសសម្រាប់សមាជិក សមាជិកានៃរដ្ឋសភា អាចពិភាក្សាផ្លាស់ប្តូរមតិយោបល់ជាធាតុចូលសំខាន់ៗ ដែលក្រសួងអាចយកទៅពិចារណាផងដែរ។ ជាមួយគ្នានេះ គណៈកម្មការទី៧ នឹងបន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការតាមដាន និងត្រួតពិនិត្យការអនុវត្តការងារ និងវិធានការនានា ដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា និងចូលរួមសហការក្នុងស្មារតី ដើម្បីផលប្រយោជន៍រួមនៃគុណភាពអប់រំនៅកម្ពុជា និងដើម្បីសិស្សានុសិស្ស ទទួលបានការអប់រំប្រកបដោយគុណភាព និងនិរន្តរភាព៕
ដោយ ៖ សិលា