ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ខណ្ឌ​ដូនពេញ​ បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រមូលទិន្នន័យជំរឿនសេដ្ឋកិច្ច​ នៅកម្ពុជា​ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ​៖​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ២០២២នេះ​ លោក​ សុខ​ ពេញវុធ​ អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ​ បានធ្វេីពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រមូលទិន្នន័យជំរឿនសេដ្ឋកិច្ច​ នៅព្រះរាជាណាចក្រកម្ពុជា​ ឆ្នាំ២០២២ សម្រាប់មន្ត្រីសម្ភាសន៍ និងមន្ត្រីត្រួតពិនិត្យការសម្ភាសន៍នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ​ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកកិត្តិសេដ្ឋាបណ្ឌិត​ ឆាយ​ ថន​ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ។ 

ក្នុង​ពិធីនេះដែរ​​ ដោយមានការចូលរួមពីតំណាងការិយាល័យសិ្ថតិ នៃក្រសួងផែនការ និងតំណាងមន្ទីរផែនការ រាជធានីភ្នំពេញ មន្ត្រីបម្រុង សិក្ខាកាម និងតាមបណ្ដាសង្កាត់ចំនួ​ន​ ១១សង្កាត់​ស្ថិតនៅសាលាខណ្ឌដូនពេញ។

លោក សុខ​ ពេញវុធ​ បានឱ្យដឹងថា យោងរាយការណ៍ជូនលោកស្រីប្រធានគណៈអធិបតី គណៈអធិបតី និង អង្គពីធីទាំងមូល អំពីស្ថានភាពទូទៅរបស់ខណ្ឌដូនពេញ និងលទ្ធផលនៃការចុះស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ច ការគូរផែនទី មណ្ឌលជំរឿនកន្លងមក និងការបើកវគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីត្រួតពិនិត្យ មន្ត្រីសម្ភាសន៍ និងមន្ត្រីបំរុង ដូចខាងក្រោម៖

១-ស្ថានភាពទូទៅរបស់ខណ្ឌ

ខណ្ឌដូនពេញ ជាខណ្ឌមួយស្ថិតក្នុងចំណោមខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ មានព្រំប្រទល់ខាងកើត ទល់នឹងអ័ក្សទន្លេសាប ខណ្ឌជ្រោយចង្វារ ខាងជើងទល់នឹងផ្លូវលេខ៦៨ ខណ្ឌឫស្សីកែវ ខាងលិចទល់នឹង ផ្លូវលេខ១៣២ ខណ្ឌទួលគោក ខាងត្បូងទល់នឹងផ្លូវព្រះសីហនុ ខណ្ឌចំការមន ។ មានផ្ទៃដីទំហំ៧.៤៤គីឡូម៉ែត្រការ៉េ ស្មើនឹង១.០៧% នៃផ្ទៃដីរាជធានីភ្នំពេញ ចែកចេញជា១១សង្កាត់ ១៣៤ភូមិ ចំនួនគ្រួសារ ១៣,៧៨៤គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ៧០,៩០០នាក់ ស្រី៣៥,៩០៨នាក់ មានដង់ស៊ីតេប្រជាជន ៩,៥២២នាក់/គម២ ។ ខណ្ឌដូនពេញ ជាតំបន់ប្រមូលផ្តុំមណ្ឌលរដ្ឋបាលពាណិជ្ជកម្ម សេវាកម្មទេសចរណ៍ និងជាតំបន់ស្នាក់នៅ ហើយប្រមូលផ្តុំទៅដោយស្ថាប័នជាតិ អន្តរជាតិ និងស្ថានទូតជាច្រើន ។

២-លទ្ធផលនៃការចុះស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ចនិងគូរផែនទីមណ្ឌលជំរឿន

ដំណើរការនៃការចុះស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ច (រោងចក្រ សហគ្រាស ផលិតកម្ម អាជីវកម្ម និងសេវាកម្ម គ្រប់ប្រភេទ) និងងការគូរផែនទីមណ្ឌលជំរឿននៅតាមភូមិនីមួយៗក្នុងខណ្ឌ ចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កន្លងមក ក្នុងខណ្ឌដូនពេញ មានមណ្ឌលជំរឿនសេដ្ឋកិច្ចចំនួន ១៨៨ មណ្ឌលជំរឿន មាន១១.២៦០អង្គភាពសេដ្ឋកិច្ច ។

៣-ការបើកវគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីត្រួតពិនិត្យ មន្ត្រីសម្ភាសន៍ និងមន្ត្រីបំរុង

ដើម្បីដំណើរការអនុវត្តការប្រមូលទិន្នន័យជំរឿនសេដ្ឋកិច្ច នៅតាមសហគ្រាស រោងចក្រ ផលិតកម្ម អាជីវកម្ម និងសេវាកម្មគ្រប់ប្រភេទដែលមាននៅក្នុងមូលដ្ឋានខណ្ឌ សង្កាត់ ទទួលបានទាន់ពេលវេលា ត្រឹមត្រូវ ច្បាស់លាស់ ពិសេសធានាអោយបាននូវប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខណ្ឌ និងសង្កាត់បានជ្រើសរើសមន្ត្រីជំរឿន សរុបចំនួន ៨៦នាក់ ក្នុងនោះ មន្ត្រីត្រួតពិនិត្យចំនួន ៦នាក់ មន្ត្រីសម្ភាសន៍ចំនួន ៧៥នាក់ និង មន្ត្រីបម្រុង ចំនួន៥នាក់។ 

បន្ថែមពីនេះ​ លោកអភិបាលខណ្ឌ​ បានបន្តថា​ វគ្គបណ្តុះបណ្តាល ស្តីពីការប្រមូលទិន្នន័យជំរឿនសេដ្ឋកិច្ចនៅកម្ពុជា ឆ្នាំ២០២២ ធ្វើឡើងសម្រាប់គោលដៅមន្រ្តីសម្ភាសន៍ និងមន្រ្តីត្រួតពិនិត្យការសម្ភាសន៍នេះ ក្នុងគោលបំណងចុះប្រតិបត្តិការប្រមូលទិន្នន័យនៅមូលដ្ឋានអង្គភាពអាជីវកម្ម សហគ្រាសធ្វើ សកម្មភាព ផលិតកម្ម និងសេវា ស្ថិតក្នុងអាជីវកម្មរ៉ែ កម្មន្តសាល អគ្គិសនី និងឧស្ម័នផលិតទឹកស្អាតអនាម័យ និងអាជីវកម្មដទៃទៀត ដែលត្រូវបានកំណត់តាមចំណាត់ថ្នាក់ស្តង់ដាអន្តរជាតិ នៃវិស័យសេដ្ឋកិច្ច ដែលមានលក្ខណៈ ស្រដៀងនឹងការធ្វើជំរឿនប្រជាជនផងដែរ ដោយមន្ត្រីនឹងសម្ភាសគ្រប់អង្គភាពសេដ្ឋកិច្ច និងប្រជាពលរដ្ឋ ដែលមានមុខរបរជាក់លាក់ ដូចជា៖​ ការលក់ដូរ ទាំងតូចនិងធំ មានទីតាំងច្បាស់លាស់ និងមានការចុះបញ្ជីរួចរាល់៕

ដោយ​៖ស​ តារា​


ចែករំលែក៖