ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង នឹងរួមគ្នាជាមួយចិនធ្វើឱ្យអាមេរិក«ខកចិត្ត»ចំពោះគោលនយោបាយចងគំនុំ

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវចិនឱ្យរួមសាមគ្គីគ្នាបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដើម្បីធ្វើឱ្យអាមេរិកខកចិត្តចំពោះគោលនយោបាយចងគំនុំ។

សារព័ត៌មាន SCMP បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុនបានប្រកាសថា ទីក្រុងព្យុងយ៉ាងនិងទីក្រុងប៉េកាំងគួរតែបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងឯកភាពគ្នាដើម្បីការពារនិងអភិវឌ្ឍសង្គមនិយម នឹងធ្វើឱ្យគោលនយោបាយចងគំនុំ គំរាមកំហែង និងអរិភាពពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបរាជ័យទាំងស្រុង។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានចេញផ្សាយនៅថ្ងៃទី២២ខែកុម្ភៈថា លោក គីម បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសារផ្ញើទៅកាន់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដោយបានធ្វើការអបអរសាទរចំពោះមេដឹកនាំចិនពីការបញ្ចប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដោយជោគជ័យ។
មេដឹកនាំកូរ៉េខាងជើងបានកោតសរសើរចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកថា ជាការបង្កើតប្រវត្តិសាស្ត្រ ហើយថាស្ថិតក្រោមការដឹកនាំរបស់លោក ស៊ី ប្រទេសចិនបានពុះពារបញ្ហាប្រឈម គឺវិបត្តិសុខភាពធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក និងការបង្ខិតបង្ខំរបស់កងកម្លាំងអរិភាព៕ ដោយ៖ សាធី

រូបថត៖KCNA


ចែករំលែក៖