ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ប្រារព្ធនៅសណ្ឋាគាររ៉េសុីដង់ សុខា ភ្នំពេញ។
សន្និបាតនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីលោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នពាក់ព័ន្ធ ,នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ព្រមទាំងមានការអញ្ជើញចូលរួមពីអគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយក អគ្គនាយករង អគ្គាធិការ អគារធិការរង អគ្គស្នងការរងនគរបាលជាតិ ប្រធានក្រុមប្រឹក្សានីតិកម្ម ប្រធានក្រុមប្រឹក្សារាជធានីខេត្ត អភិបាលនៃគណៈអភិបាលរាជធានីខេត្ត ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋាននានា ស្នងការនិងស្នងការរងរាជធានីខេត្ត ភ្ញៀវកិត្តិយស និងសមាជិកសមាជិការមួយចំនួនទៀត។
អញ្ជើញមានប្រសាសន៍បើកសន្និបាតនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រីទាំងអស់ជាថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការសុីវិល និងនគរបាលជាតិ ដែលបានចូលរួមចំណែក និងផ្ដល់នូវកិច្ចសហការគាំទ្រដល់ក្រសួងមហាផ្ទៃក្នុងការបំពេញបេសកកម្មបម្រើជាតិមាតុភូមិសម្រេចបានសមិទ្ធិផលនានាជាច្រើនក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។
សម្ដេចក៏បានបង្ហាញការកត់សម្គាល់អំពីសភាពការណ៍ និងសមិទ្ធិផលសំខាន់ៗដែលក្រសួងមហាផ្ទៃខិតខំសម្រេចបានក្នុងឆ្នាំកន្លងទៅ ក្នុងនោះឆ្នាំ២០២១ជាឆ្នាំដែលសភាពការណ៍ពិភពលោក និងតំបន់មានការប្រែប្រួលឆាប់រហ័ស និងស្មុគស្មាញ ក្នុងនោះការឆ្លងរាតត្បាតជំងឺកូវីដ-១៩ បានបង្កឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមគ្រប់ប្រទេស ខណៈការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យា និងយោធាកាន់តែមានភាពតានតឹង។
សម្ដេចបន្ថែមថាស្របពេលទទួលរងសម្ពាធពីសភាពការណ៍សាកលនេះ នៅក្នុងប្រទេសកម្ពុជា ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិ ក្នុងនិងក្រៅប្រទេស បានបន្តខិតខំរិះរកឧបាយកល និងសកម្មភាពខុសច្បាប់ ដើម្បីប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលនិងរបបរាជានិយម ក្នុងគោលបំណងដណ្ដើមអំណាចដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើរដ្ឋធម្មនុញ្ញ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
សម្ដេចក្រឡាហោមបានឱ្យដឹងថាក្រសួងមហាផ្ទៃដែលស្ថាប័នទទួលខុសត្រូវក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានខិតខំប្រឹងប្រែងរួមគ្នារក្សាការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យជាតិ បរណភាពទឹកដី សន្តិសុខជាតិ ដោយបញ្ចៀសបានអំពើភេវរកម្ម និងបង្ការទប់ស្កាត់បានទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ធានារក្សាបានសន្តិសុខផ្ទៃក្នុងប្រទេសយ៉ាងល្អប្រសើរជាទូទៅ។
សម្ដេចបន្ថែមថានៅក្នុងឆ្នាំ២០២១កន្លងទៅ កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានខិតខំពុះពាររែកពន្ធការងារជាច្រើនប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ចូលរួមអនុវត្តដោយផ្ទាល់នូវវិធានការរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការជួយដោះស្រាយជីវភាពពលរដ្ឋទទួលរងផលប៉ះពាល់ដោយកូវីដ-១៩ និងគ្រោះធម្មជាតិនានា។
អាស្រ័យដោយកិច្ចខិតខំប្រឹងប្រែងពីកងកម្លាំងនគរបាលជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានធ្វើឱ្យបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទថយចុះ៦ភាគរយ ជាពិសេសបទល្មើសឧក្រិដ្ឋដែលជះឥទ្ធិពលដល់ចិត្តសាស្រ្តសង្គមក៏បានថយចុះ១៤ភាគរយ ហើយលទ្ធផលនៃការបង្ក្រាបបទល្មើសនានាក៏មានកម្រិតខ្ពស់រហូតដល់៩៣ភាគរយ។
សម្ដេចបន្តថាយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសនានាក៏ត្រូវបានចាត់ចែងអនុវត្តជាប្រចាំទោះបីជារំខានខ្លះៗដោយជំងឺកូវីដ-១៩ក៏ដោយ ដូចជាយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងផ្លូវភេទ ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បទល្មើសសេដ្ឋកិច្ច និងបទល្មើសផ្សេងៗ។
សម្ដេចបន្តថាបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គមនៅតាមទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍សំខាន់ៗត្រូវបានបន្តខិតខំយកចិត្តទុកដាក់ដោយផ្ដោតជាសំខាន់លើការផ្សព្វផ្សាយអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមគោរពអនុវត្តច្បាប់ ហើយទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក៏បានធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍មានការថយចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
ចំពោះការបង្ការទប់ស្កាត់អគ្គិភ័យវិញ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យមានការថយចុះ២៨ភាគរយ ខណៈការបំរើសេវាសន្តិសុខ និងសេវាតម្រូវការចាំបាច់នានានៅមូលដ្ឋានក៏ត្រូវបានពង្រឹងសមត្ថភាព និងកែលម្អរជាប្រចាំនូវរបៀបរបប និងអាកប្បកិរិយាធ្វើការងាររបស់មន្រ្តីប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងការជំរុញចលនាអនុវត្តគោលនយោបាយជាតិ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
ពាក់ព័ន្ធនឹងគ្រប់គ្រងជនបរទេស សម្ដេចក្រឡាហោមបានឱ្យដឹងថាក្រសួងបានបង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការចេញចូលតាមបណ្ដាច្រកព្រំដែននានាជាមួយនឹកការអនុវត្តវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺនៃកូវីដ-១៩ និងការគ្រប់គ្រងវត្តមានស្នាក់នៅរបស់ជនបរទេសនៅក្នុងប្រទេសដោយយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពការងាររបស់មន្រ្តី ការបំពាក់មធ្យោបាយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកម្ពស់ប្រសិទ្ធភាពការងារ។
ចំណែកការងារអត្តសញ្ញាណកម្មសម្ដេចបានលើកឡើងអំពីការខិតខំអភិវឌ្ឍន៍ទាំងក្របខណ្ឌគោលនយោបាយ ច្បាប់ ការផ្គត់ផ្គង់ឧបករណ៍ សម្ភារៈបច្ចេកទេស ការបណ្ដុះបណ្ដាល ការកសាងសមត្ថភាពមន្រ្តី និងការលើកកម្ពស់កិច្ចសហការជាមួយក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងអត្តសញ្ញាណបគ្គលសំដៅឆ្លើយតបសំណូមពរពលរដ្ឋ និងកិច្ចអភិវឌ្ឍន៍លើវិស័យនានាដែលប្រើប្រាស់ទិន្នន័យបុគ្គល។
សម្រាប់ការងារពន្ធនាគារវិញ សម្ដេចក្រឡាហោមបានបន្តលើកឡើងពីការបន្តប្រមូលផ្ដុំយកចិត្តទុកដាក់លើការគ្រប់គ្រងថែរក្សាការពារសន្តិសុខតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ដល់មន្រ្តីអនុរក្ស និងជនជាប់ឃុំ ព្រមទាំងបង្កើនកិច្ចសហការជាមួយក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធនានាដើម្បីដោះស្រាយភាពចង្អៀតណែនតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនានា និងការបន្តខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនានា។
ដោយឡែកការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាក្រសួងមហាផ្ទៃ បានខិតខំសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ អង្គការស្គមស៊ីវិល ដើម្បីរៀបចំបញ្ចប់ និងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចជាផ្លូវការនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំនៅក្នុងដំណាក់កាលទីពីរ ២០២១-២០៣០ ដោយលេខាធិការ គ.ជ.អ.ប ក៏បានខិតខំសហការជាមួយក្រសួងពាក់ព័ន្ធ និងដៃគូពាក់ព័ន្ធនានាដើម្បីរៀបចំនូវផែនការអនុវត្តកម្មវិធីជាតិដំណាក់កាលទីមួយ២០២១-២០២៥ និងរៀបចំផែនការថវិកាប្រចាំឆ្នាំ២០២២។
សម្ដេចឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថាក្រៅពីសមិទ្ធផលខាងលើនេះ នៅមានសមិទ្ធិផលជាច្រើនទៀតដែលក្រសួងមហាផ្ទៃសម្រេចបានក្នុងឆ្នាំ២០២១ ដូចជាការងារកសាងក្របខណ្ឌគោលនយោបាយ ច្បាប់ យុទ្ធសាស្រ្ត ការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ទាំងផ្នែកស៊ីវិល និងនគរបាលជាតិ ការងារអធិការកិច្ច ការដោះស្រាយពាក្យបណ្ដឹង និងសំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ការងារអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ការលើកម្ពស់កិច្ចសហការអន្តរស្ថាប័នជាមួយក្រសួងស្ថាប័ននានានៃរាជរដ្ឋាភិបាល កិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្លាស់ប្ដូរបទពិសោធន៍ជាមួយប្រទេសនានា និងការចូលរួមរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សមិទ្ធផលដូចបានបញ្ជាក់លើនេះ ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថាពិតជាបានមកដោយការចូលរួមធ្វើពលីកម្មយ៉ាងធំធេងរបសកងកម្លាំងនគរបាលជាតិ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ដែលបានពុះពារជម្នះគ្រប់ឧបសគ្គធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងបរិបទដែលប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ទន្ទឹមនឹងសមិទ្ធិផលទាំងនេះដែរ សម្ដេចក៏បានគូសបញ្ជាក់ថានៅមានបញ្ហាប្រឈមដែលទាមទារការដោះស្រាយ ដូចជាអំពើភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សកម្មភាពផលិត ចរាចរណ៍ ជួញដូរគ្រឿងញៀនខុសច្បាប់ សកម្មភាពជួញដូរមនុស្ស បទល្មើសបច្ចេកវិទ្យា ការប្រែប្រួលធាតុអាកាស ដែលសុទ្ធតែជាបញ្ហាប្រឈមទាមទារការខិតខំពង្រឹងខ្លួនដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
សម្ដេចបន្តថាបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ផ្ទៃក្នុងប្រទេស បញ្ហាប្រឈមដែលជាកង្វល់ក្នុងសង្គមគឺការចរាចរណ៍ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងនោះរួមទាំងនិន្នការនៃការលួចប្រើប្រាស់សាធាតុគីមីផ្សំដើម្បីផលិតគ្រឿងញៀនខុសច្បាប់ទ្រង់ទ្រាយធំ គ្រោះថ្នាក់ចរាចរណ៍ ការជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ និងផលិតផលក្លែងក្លាយអន់គុណភាព ហើយបទល្មើសព្រហ្មទណ្ឌ ទោះបីមានការថមថយ ប៉ុន្តែបទល្មើសមួយចំនួននៅតែមានចំនួនច្រើន ដូចជាអំពើលួច មនុស្សឃាតដោយចេតនា អំពើហិង្សា ការរំលោភនិងការបំពានខាងផ្លូវភេទ។
ដោយឡែកបញ្ហាប្រឈមក្នុងការងារកំណែទម្រង់វិជ្ឈការ និងវិសហមជ្ឈការ សម្ដេចបានកត់សម្កាល់អំពីការលំបាកក្នុងការស្វះស្វែងរកការស្រុះស្រួលឯកភាពគ្នាក្នុងដំណើរការផ្ទេរមុខងារ និងធនធាន ព្រមទាំងសមត្ថភាពយល់ដឹងរបស់មន្រ្តីអំពីប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការ ទាំងកម្រិតមន្រ្តីតាក់តែងគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋាននានា និងមន្រ្តីអនុវត្ត ខណៈការងារផ្សេងៗទៀតដែលនៅមានការប្រឈម និងខ្វះខាតនោះរួមមាន ការពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់មន្រ្តីទាំងរដ្ឋបាលស៊ីវិល និងនគរបាលជាតិ ការលើកកម្ពស់មនសិការវិជ្ជាជីវៈ ការគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងតាមអង្គភាព និងការលើកកម្ពស់តម្លាភាព គណនេយ្យភាពលើការគ្រប់គ្រង ដឹកនាំអង្គភាព និងការចាត់ចែងការងារនានាផ្អែកតាមតួនាទីភារកិច្ចរបស់អង្គភាពនីមួយៗ។
រាល់បញ្ហាប្រឈមខាងលើនេះ ត្រូវបានសម្ដេចក្រឡាហោមបញ្ជាក់ជូនអង្គសន្និបាតអំពីការទាមទារពង្រឹងការប្ដេជ្ញាចិត្តរួមគ្នាពុះពារជម្នះដោះស្រាយសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារនានា ក្នុងក្របខណ្ឌទទួលនាទី និងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។ សម្ដេចបន្ថែមថាសន្និបាតនាថ្ងៃនេះនឹងបែងចែកក្រុមពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីប្រមែលប្រមូលធាតុចូលពីសមាជិកសមាជិការនៃអង្គសន្និបាតសម្រាប់បំពេញបន្ថែមលើខ្លឹមសាររបាយការណ៍ និងទិសដៅរួមទាំងបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងគោលការណ៍សំខាន់ៗសម្រាប់អនុវត្តនៅឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថាសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈនេះ៕
ដោយ៖ស តារា