ភ្នំពេញ ៖ ល្បីថាជំនួយការលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចេញមុខរត់ការកាង យកកញ្ចប់ពីចិនមកចាត់ចែង ដូច្នេះសូមលោកអធិការ លោកអភិបាលខណ្ឌ , លោកស្នងការ មេត្តាតាមដានផង តើជាការពិតឬមួយយ៉ាងណា ?
សូមជម្រាបជូនថា, ទីតាំងបើក កាស៊ីណូ បន្លំជាអាហារដ្ឋាន គឺខាងក្នុងមានបង្កប់កាសុីណូ ចំនួន៣តុ មានទីតាំងផ្ទះអត់លេខ ផ្លូវលេខ ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លេងបាន៧ថ្ងៃហើយ បើគិតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។
អ្នកជិតខាងនិយាយថា, បើកសម្រាប់តែជនជាតិចិនចូលលេង ហើយឱ្យសន្តិសុខ២នាក់ អង្គុយយាម ជៀសវាងមានខ្មែរចូល ខ្លាចបែកការណ៍ ។ បច្ចុប្បន្ននៅថ្ងៃនេះបានលើកផ្លាកបន្លំរបៀបជាហាងផឹកសុីយីហោ “បន្ទប់ប៊ីយែរអាកាសយានដ្ឋាន”នៅ ទល់មុខកន្លែងម៉ាស្សា កោសជប់ យីហោ”999”!
ពាក់ព័ន្ធករណីនេះ ខាងមជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត”បានព្យាយាមទូរស័ព្ទទៅកាន់លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ អត់ចូលនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ហើយតាមប្រព័ន្ធ Telegram លោកអត់ទាន់បើកមើល ដូច្នេះមិនទាន់ទំនាក់ទំនងសូមការបំភ្លឺបានទេ។ លោកជំនួយការអធិការ មិនមានលេខទូរស័ព្ទទាក់ទង ប៉ុន្តែខាងមជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត” នឹងរង់ចាំការបកស្រាយគ្រប់ពេលក្នុងម៉ោងធ្វើការ៕
ដោយ ៖ សិលា