ព័ត៌មានទាន់ហេតុការណ៍៖

សាធារណរដ្ឋ Donbass បានចុះសន្ធិសញ្ញាការពារជាតិជាមួយរុស្ស៊ីភ្លាមក្រោយប្រធានាធិបតីពូទីនប្រកាសទទួលស្គាល់ពីឯករាជ្យភាព

ចែករំលែក៖

ប្រមុខដឹកនាំរុស្ស៊ីបានដើរមុន អាមេរិកនិងប្រទេសលោកខាងលិច មួយជំហាន ដែលធ្វើឱ្យប្រទេសទាំងនោះមិនអាចជួយរដ្ឋាភិបាលអ៊ុយក្រែនបានក្នុងការបង្រួបបង្រួមតំបន់ Donbassនោះឡើយ។ ក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះដែលប្រធានាធិបតីពូទីនប្រកាសជាផ្លូវការទទួលស្គាល់ពីឯករាជ្យភាពនៃសាធារណរដ្ឋ Donetsk (DPR) និងសាធារណរដ្ឋ Lugansk(LPR) ប្រមុខដឹកនាំតំបន់ទាំងពីរក៏បានចុះសន្ធិសញ្ញាការពារជាតិរួមជាមួយរុស្ស៊ីអនុញ្ញាតឱ្យកម្លាំងទាហានរុស្ស៊ីឈរជើងនៅក្នុងទឹកដីរបស់ខ្លួន ដើម្បីទប់ស្កាត់រាល់ការឈ្លានពានពីសត្រូវ។ ទាំងនោះជានយោបាយ យុទ្ធសាស្ត្រដ៏ឆ្លាតវៃរបស់ប្រធានាធិបតីពូទីន ធ្វើឱ្យប្រទេសលោកខាងលិចមិនអាចធ្វើអ្វីបាននោះឡើយ។ សាធារណរដ្ឋ Donetsk និង Lugansk បានចុះសន្ធិសញ្ញាសហប្រតិបត្តិការជាផ្លូវការជាមួយរុស្ស៊ី បើកផ្លូវទទួលជំនួយទាំងយោធា និងហិញ្ញវត្ថុពីរដ្ឋាភិបាលទីក្រុងមូស្គូ ។
នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ២២ខែកុម្ភៈ សភាសាធារណរដ្ឋ ប្រជាជន Donetsk និងសាធារណរដ្ឋប្រជាជនLugansk បានប្រកាសថា ការសម្រេចចុះសន្ធិសញ្ញាមិត្តភាពសហប្រតិបត្តិការជាមួយរុស្ស៊ីទទួលបានការអនុម័តពីស្ថានប័នរដ្ឋសភានិងព្រឺទ្ធសភា ។
ប្រធានាធិបតីពូទីនបញ្ជាក់ថា សកម្មភាពទទួលស្គាល់ខាងលើ គឺជាការឆ្លើយតបទៅនឹងពលរដ្ឋនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ដោយជាច្រើនឆ្នាំកន្លងមកបានរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម ហើយរដ្ឋាភិបាលទីក្រុង Kiev ព្យាយាមអូសទាញប្រទេសជិតខាងចូលរួម តាមរយៈការខិតខំចូលជាសមាជិករបស់ណាតូ ។
ក្នុងពេលនេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានចោទរុស្ស៉ីថា កំពុងតែបំផ្លាញកិច្ចប្រឹងប្រែងដើម្បីឆ្ពោះទៅរកសន្តិភាព ហើយលោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងមិនបណ្តោយឱ្យទឹកដីរបស់ខ្លួន ធ្លាក់ទៅក្នុងដៃរុស្ស៉ីជាដាច់ខាត។ លោកប្រធានាធិបតីអ៊ុយក្រែនបានថ្លែងសារដូចខាងលើទៅកាន់ប្រជាជាតិ បន្ទាប់ពីរុស្ស៉ីបានសម្រេចចិត្តផ្តល់ការទទួលស្គាល់ជាផ្លូវការ ដល់តំបន់ជម្លោះចំនួន២នៅភាគខាងកើតអ៊ុយក្រែន ថាជារដ្ឋឯករាជ្យពេញលេញ ហើយទីក្រុងមូស្គូថែមទាំងបានបញ្ជូនកងទ័ពទៅកាន់ទីនោះទៀតផង។ ប្រការនេះកាន់តែជំរុញឱ្យវិបត្តិអ៊ុយក្រែន-រុស្ស៉ី ដែលកំពុងតានតឹងស្រាប់ប៉ុន្មានខែមកហើយនោះកើនឡើងកម្តៅយ៉ាងក្តៅគគុកបន្ថែមទៀត។
លោក Zelenskiy បានចោទប្រកាន់ថា តាមរយៈការសម្រេចចិត្តខាងលើ រុស្ស៉ីបានបំពានដែនអធិបតេយ្យភាពរបស់អ៊ុយក្រែន ហើយវាអាចមានន័យថា ទីក្រុងមូស្គូដើរចេញពីកិច្ចព្រមព្រៀងទីក្រុង Minsk ដែលត្រូវបានបង្កើតឡើងដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធនៅភាគខាងកើតអ៊ុយក្រែន។
ជាមួយគ្នានេះ លោក Zelenskyi បានបន្តថា អ៊ុយក្រែនចង់ដោះស្រាយវិបត្តិតាមផ្លូវការទូត ប៉ុន្តែប្រទេសលោកត្រៀមលក្ខណៈរួចជាស្រេចដើម្បីតតាំងការពារខ្លួនរហូតដល់ទីបញ្ចប់។ បើតាមសម្តីលោក Zelenskyi គឺអ៊ុយក្រែនស្ថិតនៅលើទឹកដីខ្លួនឯង ហើយពុំខ្លាចនរណាឡើយ។ មិនតែប៉ុណ្ណោះ អ៊ុយក្រែនមិនជំពាក់អ្នកណា ហើយក៏នឹងមិនឱ្យអ្វីទៅនរណាម្នាក់នោះដែរ៕ ដោយ៖ សាធី

រូបថត៖Sputnik


ចែករំលែក៖