ខេត្តសៀមរាប៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងរយៈពេល១ខែនេះគិតចាប់ពីថ្ងៃទី២១ ខែមករា រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានចូលមកទស្សនាខេត្តសៀមរាបមានសរុបចំនួន៨៤.៥៣២នាក់ ថយចុះចំនួន៤២,៣៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានចំនួន ១២០.៣៤៦នាក់ ។ នេះបេីយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបដែលបានឱ្យដឹងនៅថ្ងៃអង្គារទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
របាយការណ៍ដដែល បានបញ្ជាក់បន្ថែមថា ក្នុងចំណោមភ្ញៀវទេសចរទាំងអស់នោះ មានភ្ញៀវទេសចរជាតិចំនួន៧៧.០០០នាក់ ថយចុះចំនួន ៥១,៩៥ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន១១៧.០០០នាក់ និងថយចុះចំនួន១២៧,២៧ភាគរយ បើប្រៀបធៀបនឹងខែមករាឆ្នាំ២០២២ ដែលមានចំនួន១៧៥.០០០នាក់ ខណៈភ្ញៀវទេសចរបរទេសក្នុងស្រុកមានចំនួន ៧.៥៣២នាក់ មានការកើនឡើង១២៥,១០ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ៣.៣៤៦នាក់ និងមានការកើនឡើង១៩៧,៤៧ភាគរយ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២២ ដែលមានចំនួន២.៥៣២ នាក់ ។
គួរជម្រាបថា បន្ទាប់ពីមានការរាតត្បាតខ្លាំងពីវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍មួយរយៈពេលចុងក្រោយនេះ បានធ្វើឱ្យសេវាកម្មទេសចរណ៍មួយចំនួនត្រូវបានបិទអាជីវកម្ម និងមួយចំនួនទៀតត្រូវបានផ្អាក ក្នុងនោះរួមមាន៖ ផ្នែកសណ្ឋាគារ មានចំនួន១៨កន្លែងត្រូវបានបិទ, ផ្អាកអាជីវកម្មចំនួន១៦៨កន្លែង និងកំពុងដំណើរការចំនួន៤៤កន្លែង ក្នុងចំណោមសណ្ឋាគារដែលមានសរុបចំនួន២២៨កន្លែង, ផ្ទះសំណាក់បានបិទអាជីវកម្មចំនួន១០៧កន្លែង, ផ្អាកមានចំនួន៧៨ កន្លែង និងកំពុងដំណើរការមានចំនួន៧៦ កន្លែង ក្នុងចំណោមផ្ទះសំណាក់ដែលមានសរុបចំនួន២៨៣កន្លែង និង ភោជនីយដ្ឋានបានបិទអាជីវកម្មមានចំនួន ១០៩កន្លែង, ផ្អាកមានចំនួន១០០កន្លែង និងកំពុងដំណើរការមានចំនួន៥២កន្លែង ក្នុងចំណោមភោជនីយដ្ឋានដែលមានសរុបចំនួន២៦១កន្លែង ៕
ដោយ៖សហការី