ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ចោលប្ដីនិងកូនតូចអាយុទើបតែ៥ខែគួរឱ្យអាសូរ បន្ទាប់ពីគាត់ជិះម៉ូតូចេញពីកន្លែងលក់កាហ្វេនៅបុរីសន្តិភាព២ ក្នុងគោលបំណងត្រលប់ទៅផ្ទះនៅចំការដូងត្រូវបានរថយន្តរ៉េងរ៉ូវើរបុកពីក្រោយខ្ទាតទៅលើចិញ្ចើមផ្លូវបោកក្បាលស្លាប់ រីឯរថយន្តបង្កបានបើករត់គេចបាត់ស្រមោលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃពុធទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចខាងជើងវត្តធម្មត្រ័យក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពស្ត្រីរងគ្រោះមានឈ្មោះសុគន្ធ ធារី អាយុ៣០ឆ្នាំ មុខរបរលក់កាហ្វេនៅបុរីសន្តិភាព២ មានទីលំនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះខាងលើជិះម៉ូតូស្គូពីពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1AU -6802 ចេញពីកន្លែងលក់កាហ្វេនៅបុរីសន្តិភាព២ក្នុងគោលបំណងត្រលប់ទៅផ្ទះវិញនៅឯចំការដូង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តរ៉េងរ៉ូវើរមួយគ្រឿងមិនចាំស្លាកលេខបើកស្របគ្នាមកពីក្រោយយ៉ាងលឿនបានជ្រុលទៅបុកម៉ូតូពីក្រោយធ្វេីឱ្យស្ត្រីរងគ្រោះខ្ទាតទៅលើចិញ្ចើមផ្លូវបោកក្បាលស្លាប់ភ្លាមៗ ចំណែករថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបន្ថែមល្បឿនបើកគេចបាត់ស្រមោលទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញចរាចរណ៍ខណ្ឌបានចុះមកដល់ចំណុចកើតហេតុដេីម្បីពិនិត្យនិងធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកដេីម្បីធ្វេីការស្រាវជ្រាវរករថយន្តបង្កឱ្យមកដោះស្រាយគ្នាតាមច្បាប់ ។ ដោយឡែកសពស្ត្រីជនរងគ្រោះក៏ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅតម្កល់នៅវត្តឫស្សីសាញ់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ