ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត Lexus RX330 បត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តFORD RAPTOR ពីចំហៀងបណ្ដាលឱ្យរថយន្ត Lexusដាច់កាឡេកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Lexus RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL-2005 ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងទៅផ្លូវម្ខាងទៀត ក៏ជ្រុលចង្កូតទៅបុករថយន្តFORD RAPTOR មួយគ្រឿងពណ៌កណ្ដុរល្មែះ ពាក់ស្លាកលេខភ្នំពេញ2BH-9568បើកបរដោយជនជាតិចិន ធ្វើដំណើរបញ្ច្រាសទិសគ្នាពីកើតទៅលិចចំពីចំហៀងទ្វារខាងមុខខាងឆ្វេង បណ្ដាលឱ្យរថយន្ដFORD RAPTOR រងការខូចខាតបន្តិចបន្តួច ចំណែករថយន្ត Lexus RX330 ដាច់កាឡេកង់ខាងមុខខាងឆ្វេងរងការខូចខាតយ៉ាងដំណំ ទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា បញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ៖សុខាសែនជ័យ