ភ្នំពេញ ៖ បើយោងទៅតាមទិន្នន័យរបស់គេហទំព័រ StatCounter ដែលជាគេហទំព័រសម្រាប់តាមដានការប្រើប្រាស់កម្មវិធីបានបង្ហាញឱ្យឃើញថា ប្រជាប្រិយភាពរបស់កម្មវិធី Microsoft Edge កំពុងតែមានការកើនឡើងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដែលអាចឱ្យកម្មវិធីនេះក្លាយជាកម្មវិធីដ៏ពេញនិយមទី២ នៅក្នុងពិភពលោកបន្ទាប់ពីកម្មវិធី Google Chrome។ នេះបើយោងតាមផេកផ្លូវការ របស់អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២២។
បច្ចុប្បន្នកម្មវិធី Microsoft Edge ត្រូវបានប្រើប្រាស់ចំនួនប្រមាណ ៩,៥៤% ទូទាំងពិភពលោក ដែលស្ទើរតែស្មើនឹងកម្មវិធី Safari ដែលមានចំនួនប្រមាណ ៩,៨៤%។
កាលពីខែមករា ឆ្នាំ២០២១ កម្មវិធី Safari មានចំនួនប្រើប្រាស់ ១០,៣៨% ដូច្នេះកម្មវិធីនេះកំពុងតែបាត់បង់អ្នកប្រើប្រាស់បន្តិចម្តងៗ បើប្រៀបធៀបទៅនឹងកម្មវិធីផ្សេងៗទៀត។ ប្រសិនបើការថយចុះនេះនៅតែបន្ត កម្មវិធីរបស់ក្រុមហ៊ុន Apple ទំនងជានឹងធ្លាក់ទៅលេខបី ឬទីបួននៅពេលខាងមុខ។
ខណៈពេលដែលការប្រើប្រាស់របស់កម្មវិធី Edge ជាមួយកុំព្យូទ័រហាក់ដូចជាត្រូវបានកើនឡើងខ្លាំងនៅជុំវិញពិភពលោកបើប្រៀបធៀបទៅនឹងកម្មវិធីរបស់ក្រុមហ៊ុន Apple ប៉ុន្តែសម្រាប់នៅតំបន់អាមេរិកខាងជើងវិញកម្មវិធី Safari នៅតែមានភាពពេញនិយមខ្លាំងនៅឡើយ។ ម្យ៉ាងវិញទៀតសម្រាប់ការប្រើប្រាស់ជាមួយនឹងទូរសព្ទដៃ កម្មវិធី Safari នៅតែមានចំនួនអ្នកប្រើប្រាស់ច្រើនបន្ទាប់ពីកម្មវិធី Google Chrome ដោយសារតែអ្នកប្រើប្រាស់ទូរសព្ទ iPhone ភាគច្រើននៅតែបន្តប្រើកម្មវិធី Safari ដដែល៕
ដោយ ៖ សិលា