ព័ត៌មានទាន់ហេតុការណ៍៖

សារសម្តេចតេជោ ៖ យុវជន និងវប្បធម៌ជាតិ! ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញសារាចរ ស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆាំ្ន២០២២ អនុវត្តតាមស្មារតីអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវា វប្បធម៌ជាតិ និងស្របតាមទិសស្លោក “កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំពិធីប្រារព្ធ “ទិវាវប្បធម៌ជាតិ- នៃព្រះរាជាណាចក្រ កម្ពុជា។ ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វ បុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ ទន្ទឹមគ្នានេះដែរ ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀម ទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសក្នុងស្រទាប់យុវជនដែល ត្រូវបន្តវេនអភិរក្ស លើកស្ទួយតម្លៃ និងអភិវឌ្ឍវប្បធម៌ជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យវប្បធម៌ជាតិ ដែលជាដួងព្រលឹង ជាអត្តសញ្ញាណជាតិ ជាកិត្យានុភាពជាតិ និងជាស៊ីម៉ង់ត៍រស់សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងពីបុគ្គលម្នាក់ទៅបុគ្គល មា្នក់ ពីសហគមន៍មួយទៅសហគមន៍មួយ ក៏ដូចជាពីប្រទេសមួយទៅប្រទេសមួយ ដើម្បីនាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមនីយកម្ម រាជរដ្ឋាភិបាលកម្ពុជាសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ក្នុងគោលបំណងជំរុញឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ទូទាំងប្រទេស៖

-ចូលរួមកាន់តែសកម្មឡើងថែមទៀតក្នុងការថែរក្សានិងការពារមរតកវប្បធម៌ជាតិ

– លើកកម្ពស់មនសិការនិងស្មារតីចូលរួមផ្ទេរ ព្រមទាំងទទួលយកនូវចំណេះដឹង ជំនាញ និងបច្ចេកទេស សិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស

– ជំរុញឱ្យមានការចូលរួមដោយមានការទទួលខុសត្រូវរបស់យុវជន ក្នុងកិច្ចអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ ជាតិ ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា និងពណ៌សម្បុរ

-លើកទឹកចិត្តឱ្យមានការចូលរួមក្នុងការសិក្សាស្រាវជ្រាវ ដើម្បីចងក្រងរក្សាទុកឱ្យបានគង់វង្សនូវរាល់ ឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន និងធ្វើការផ្សព្វផ្សាយឱ្យ បានទូលំទូលាយ

-បង្កើនការយល់ដឹងអំពីតម្លៃពិតនៃវប្បធម៌ជាតិ និងភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ដែលជា ប្រភពមិនចេះរីងស្ងួតក្នុងការបង្កើតការងារនិងកាលានុវត្តភាពសម្រាប់ទាញយកប្រាក់ចំណូល ដើម្បី រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើនសេវានិងផលិតផលវប្បធម៌ ក្នុងគោលដៅ ពាណិជ្ជកម្មនិងទេសចរណ៍ 

– ជំរុញប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជនឱ្យខិតខំបង្កើតនិងបង្កើនស្នាដៃវប្បធម៌ថ្មីៗឱ្យកាន់តែមាន

-ភាពច្នៃប្រឌិតដោយផ្អែកលើមូលដ្ឋាននៃអត្តសញ្ញាណជាតិ ក្នុងគោលបំណងលើកស្ទួយការប្រើប្រាស់ សក្តានុពលវប្បធម៌ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ដើម្បីឱ្យការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២នេះ អាចប្រព្រឹត្តទៅដោយរលូនតាមគន្លងប្រក្រតីភាពថ្មី រាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការណែនាំដូចតទៅ៖

១- ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវសហការជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធរដែនដី អង្គការ សមាគម សហគមន៍ និងវិស័យឯកជនដែលកំពុងប្រតិបត្តិការនៅក្នុងវិស័យវប្បធម៌ ដើម្បីរួមគ្នាផ្សព្វផ្សាយ វប្បធម៌ជាតិឱ្យបានទូលំទូលាយ ទាំងនៅលើទីតាំងផ្ទាល់និងតាមបណ្តាញសង្គម។

២- ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវធ្វើជាលេខាធិការដ្ឋានក្នុងការរៀបចំឯកសារឃោសនា និង ផ្សព្វផ្សាយសម្រាប់អបអរទិវាវប្បធម៌ជាតិ និងត្រូវណែនាំគ្រប់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត ឱ្យរៀបចំ កម្មវិធីអបអរទិវាវប្បធម៌ជាតិនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានព្រមៗគ្នានៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ តាមរយៈ ការរៀបចំកម្មវិធីនៅទីតាំងផ្ទាល់និងតាមបណ្តាញសង្គម ការចងបដាពាក្យស្លោកតាមទីសាធារណៈ និងការបិទ គំនូរផ្សាយតាមទីតាំងសំខាន់ៗ។

៣- ក្រសួងព័ត៌មាន ត្រូវរៀបចំកម្មវិធីផ្សព្វផ្សាយដើម្បីអបអរទិវាវប្បធម៌ជាតិ ៣មីនា ឱ្យបានទូលំទូលាយ តាមប្រព័ន្ធផ្សព្វផ្សាយជាតិនិងឯកជន រួមមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី និងឯកសារពាក់ព័ន្ធ ដើម្បី បំផុសឱ្យសាធារណជនយល់ដឹង និងចូលរួមកាន់តែសកម្មនៅក្នុងការថែរក្សា លើកស្ទួយតម្លៃ និងអភិវឌ្ឍវប្បធម៌ ជាតិ សីលធម៌សង្គម និងសុខដុមនីយកម្មសង្គម ដោយមិនមានការរើសអើងផ្នែកនយោបាយ ជំនឿ សាសនា និងពណ៌សម្បុរ។

៤- ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវសហការផ្សព្វផ្សាយវប្បធម៌ ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិដល់សិស្ស និស្សិត ដោយអនុវត្តតាមគន្លងប្រក្រតីភាពថ្មី។

៥- ក្រសួងទេសចរណ៍ ត្រូវផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៏ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះ សំណាក់ និងភោជនីយដ្ឋានគ្រប់ប្រភេទ។

៦- ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ត្រូវណែនាំដល់គ្រប់ឯកអគ្គរាជទូត អគ្គកុងស៊ុល និង កុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស ឱ្យចូលរួមរៀបចំកម្មវិធីដើម្បីអបអរទិវាវប្បធម៌ជាតិ ទាំងនៅទីតាំងផ្ទាល់ តាមបណ្តាញសង្គម និង/ឬតាមមធ្យោបាយផ្សេងៗដែលមាន។

៧- ក្រសួងធម្មការនិងសាសនា ត្រូវបំផុសចលនាព្រះសង្ឃនិងគ្រប់សាសនិកឱ្យរៀបចំផ្សព្វផ្សាយវប្បធម៌ ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិ នៅតាមទីអារាម វិហារសាសនា មណ្ឌលវិបស្សនា និងទីសក្ការៈផ្សេងៗ ដោយ អនុវត្តតាមគន្លងប្រក្រតីភាពថ្មី។

៨- ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ត្រូវមានផែនការណែនាំទៅមូលដ្ឋានដើម្បីរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសទិវាវប្បធម៌ជាតិ ៣មីនា ឱ្យមានប្រសិទ្ធភាពនិងស្មារតីទទួលខុសត្រូវខ្ពស់។ ៩- អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក ត្រូវផ្សព្វផ្សាយសមិទ្ធផល ការងារសំខាន់ៗពាក់ព័ន្ធការអភិរក្ស ការលើកស្ទួយតម្លៃ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកនិងរមណីយដ្ឋានវប្បធម៌ផ្សេងៗ ដើម្បីអបអរទិវាវប្បធម៌ជាតិ ៣មីនា។ 

១០- រដ្ឋបាលរាជធានី ខេត្ត ត្រូវចូលរួមជួយឧបត្ថម្ភគាំទ្រដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈក្នុងការរៀបចំកម្មវិធីអបអរ និងសកម្មភាពផ្សព្វផ្សាយផ្សេងៗ នៅក្នុងដែនដីរបស់ខ្លួន ដោយផ្តោតសំខាន់លើការអប់រំមហាជន ពិសេសក្នុងស្រទាប់យុវជនឱ្យកាន់តែមានស្មារតីមុតមាំថែមទៀតនៅក្នុងការចូលរួមថែរក្សាការពារ និងលើកស្ទួយ តម្លៃវប្បធម៌ជាតិ។

១១- គ្រប់លំនៅដ្ឋាន គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី សាលារៀន រោងចក្រ សហគ្រាសរដ្ឋនិងឯកជនត្រូវចូលរួមអបអរទិវាវប្បធម៌ជាតិ តាមគន្លងប្រក្រតីភាពថ្មី និងតាមមធ្យោបាយផ្សេងៗដែលមាន ដូចជាការ លើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក គំនូរផ្សាយសិល្បៈវប្បធម៌ និង/ឬសកម្មភាពសមរម្យនានា នៅទីតាំង របស់ខ្លួន ក៏ដូចជាតាមបណ្តាញសង្គម ឱ្យបានព្រមៗគ្នានាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។ 

១២- អ្នកចូលរួមកម្មវិធីនិងសកម្មភាពផ្សព្វផ្សាយដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ៣មីនា

ត្រូវស្លៀកពាក់តាមបែបប្រពៃណីជាតិ។

ទទួលបានសារាចរនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត រោងចក្រ សហគ្រាសរដ្ឋ និងឯកជន ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖