កាលពីថ្ងៃទី២២ខែកុម្ភៈ ព្រឹទ្ធសភារុស្សុីបានសម្រេចផ្តល់អំណាចដល់ប្រធានាធិបតី ពូទីន មានសិទ្ធិទាំងស្រុងក្នុងការប្រើប្រាស់កម្លាំងយោធានៅក្រៅប្រទេស។
ការអនុម័តដោយព្រឹទ្ធសភារុស្ស៊ីខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោតជាឯកច្ឆ័ន្ទតែម្តង ដើម្បីគាំទ្រលោកពូទីនក្នុងការដាក់ពង្រាយកងកម្លាំងទៅកាន់តំបន់ផ្តាច់ខ្លួនភាគខាងកើតអ៊ុយក្រែនចំនួន២ គឺ Donetsk និង Luhansk។ សមាជិកព្រឹទ្ធសភាជាន់ខ្ពស់រុស្ស៊ី លោក Andrei Klishas បានប្រាប់អង្គព្រឹទ្ធសភាទាំងមូលនៅថ្ងៃ២១ខែកុម្ភៈថា «សេចក្តីសម្រេចនេះគឺចូលជាធរមានភ្លាមៗ»។
បើតាមផែនការរបស់លោក វ៉្លាឌីមៀរ ពូទីន ការបញ្ជូនកងទ័ពចូលទៅកាន់តំបន់ Donetsk និង Luhansk គឺស្ថិតក្នុងគោលដៅថែរក្សាសន្តិភាព និងការពារពីការវាយប្រហារដោយកងទ័ពអ៊ុយក្រែន។ បន្ថែមពីនេះ ក្រុមសមាជិកព្រឹទ្ធសភារុស្ស៊ី ក៏នឹងត្រូវជួបពិភាក្សាគ្នាបន្ថែមទៀតផងដែរ ជុំវិញផែនការថ្មីទៀតរបស់លោកពូទីន ក្នុងការបង្កើតសន្ធិសញ្ញាមិត្តភាពជាមួយដែនដីដែលខ្លួនបានដាក់ឈ្មោះឲ្យថា «សាធារណរដ្ឋប្រជាមានិតដូណេតក៍ (DNR)» និង «សាធារណរដ្ឋប្រជាមានិតលូហាន់ក៍ (LNR)» នោះផងដែរ។
នៅពេលនេះសហរដ្ឋអាមេរិក មិនទាន់អាចបញ្ជាក់បានថា តើសកម្មភាពបែបនេះរបស់រុស្ស៊ី ជាទង្វើឈ្លានពានដូចដែលខ្លួន និងសម្ព័ន្ធមិត្តលោកខាងលិចបាន ព្រមាននាពេលកន្លងមកនេះដែរ ឬមួយក៏យ៉ាងណានោះទេ។ ដ្បិត រុស្ស៊ីបានដាក់ពង្រាយកងទ័ពក្នុងតំបន់នោះរួចស្រេចទៅហើយ។ តែទោះជាបែបនេះក្ដី លោក បៃឌិន កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានចុះហត្ថលេខារួចទៅហើយលើបទបញ្ជាប្រតិបត្តិមួយដែលហាមពលរដ្ឋ ឬក្រុមហ៊ុនអាមេរិកក្នុងការវិនិយោគ, ធ្វើពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយតំបន់ Donetsk និង Luhansk៕ដោយ៖ សាធី
រូបថត៖AP